ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានចូលរួមពិធីសម្ភោទដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសអភិរក្ស និងជួសជុលរមណីយដ្ឋានបុរាណវិទ្យាសំបូរព្រៃគុក

ព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានចូលរួមពិធីសម្ភោទដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសអភិរក្ស និងជួសជុលរមណីយដ្ឋានបុរាណវិទ្យាសំបូរព្រៃគុក នៅក្នុងបរិវេណសារមន្ទីរខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងឯកឧត្ដម Ueno atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងមន្រ្តីអមដំណើរ ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ឯកឧត្ដមអភិបាលរងខេត្តកំពង់ធំ ថ្នាក់ដឹកនាំខេត្តកំពង់ធំ  មន្រ្តីរាជការ  មន្រ្តីជាប់កិច្ចសន្យា សិស្ស  និស្សិត  និងភ្ញៀវកិត្តិយសសរុបប្រមាណ១៣០នាក់។ 

អគារថ្មីនេះ សាងសង់ឡើងក្នុងគោលបំណង កិច្ចសហប្រតិបត្តិការ ការស្រាវជ្រាវ ការបណ្ដុះបណ្ដុាល ការជួសជុល និងអភិរក្សវត្ថុសិល្បៈ ដែលទទួលបានពីការស្រាវជ្រាវនៅរមណីដ្ឋានប្រាសាទសំបូរព្រៃគុក។

រដ្ឋាភិបាលជប៉ុននឹងផ្ដល់ជំនួយថ្មី ជាថវិកាចំនួន ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិច  សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្ស និងកិច្ចការអភិរក្សនៅប្រាសាទសំបូរព្រៃគុក សម្រាប់ឆ្នាំ ២០២៣ ដល់២០២៥។

កន្លងមក រដ្ឋាភិបាលជប៉ុនក៍បានរួមចំណែកក្នុងការអភិរក្សរមណីយដ្ឋានសំបូរព្រៃគុក ក៍ដូចជាការស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កិច្ចការជួសជុល និងអភិរក្សនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកមួយនេះ។

អត្ថបទពាក់ព័ន្ធ