នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រុមអ្នកជំនាញការអាដហុក(Adhoc) នៃអាយស៊ីស៊ី-អង្គរ(ICC-Angkor)/សំបូរព្រៃគុក បានអញ្ជើញចុះត្រួតពិនិត្យការងារជួសជុល និងការអភិរក្សនៅការដ្ឋានជួសជុលមួយចំនួនក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយមានការចូលរួមពីអ្នកជំនាញការនៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកជាច្រើនរូប អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀតរបស់ អ.ជ.ស.ព.។
ការដ្ឋានដែលអាជ្ញាធរជាតិសំបូរព្រៃគុកកំពុងអនុវត្តការជួសជុលមួយចំនួនដែលអ្នកជំនាញបានចុះត្រួតពិនិត្យមានដូចជា ការដ្ឋានជួសជុលប្រាង្គ(C1) ក្រុមប្រាសាទតោ, ការដ្ឋានជួសជុលប្រាសាទស្រង់ព្រះ(N22) និងការដ្ឋានជួសជុលប្រាង្គ(N1) ក្រុមប្រាសាទសំបូរ។ ការដ្ឋានជួសជុល និងអភិរក្ស៤ផ្សេងទៀត ដែលទទួលបានអនុសាសន៍ពីអ្នកជំនាញ ហើយក្នុងនោះដែរ អាជ្ញាធរជាតិសំបូរព្រៃគុក នឹងអនុវត្តនៅពេលខាងមុខឆាប់ៗនេះ មានដូចជា ការដ្ឋានជួសជុល និងអភិរក្សប្រាង្គ(S2) និងការដ្ឋានអភិរក្សផ្នែកកណ្តាលប្រាង្គ(S1) ក្រុមប្រាសាទយាយព័ន្ធ, ការដ្ឋានសង្គ្រោះបន្ទាន់ប្រាង្គ(Z1) និងប្រាង្គ(Z3) ក្រុមប្រាសាទត្រពាំងរពាក់។
ការចុះត្រួតពិនិត្យ និងផ្លាស់ប្តូរយោបល់នេះដែរ គឺដើម្បីឱ្យអ្នកជំនាញផ្តល់នូវអនុសាសន៍ ចំណុចដែលត្រឹមត្រូវ ឬចំណុចដែលត្រូវកែលម្អ ក្នុងគោលបំណងឱ្យការងារទាំងនោះដំណើរការកាន់តែប្រសើឡើង។