កំណាយស្រាវជ្រាវប្រាសាទខ្នាចទោល នៃរមណីយដ្ឋានសំបូរព្រៃគុក
ក្រុមអ្នកជំនាញការខ្មែរ នៃនាយកដ្ឋាន បុរាណវិទ្យានិងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក (អ.ជ.ស.ព.) បានបញ្ចប់ការការជួសជុល កំណាយស្រាវជ្រាវក្រុមប្រាសាទខ្នាចទោល (M.103) បន្ទាប់ពីចាប់អនុវត្តគម្រោងកាលពីខែមិនា ឆ្នាំ២០២២នេះកន្លែងទៅនេះ ដោយថវិការជាតិ ឆ្នាំ២០២២។ ក្រុមប្រាង្គប្រាសាទនេះ ស្ថាបនាជាប់ពីខាងត្បូង បឹងខ្នាចទោល ជាប្រាសាទមួយដែលមានទំនាក់ទំនងសំខាន់ជាមួយនឹងស្លាកស្លាមផ្លូវ(?)ខាងជើងប៉្របមាត់បឹងខ្នាចទោលរបស់រាជធានី។
កិច្ចការនេះផ្តោតសំខាន់ចំនួនពីរ៖ ទី១. ការសិក្សាស្រាវជ្រាវ ផ្តោតលើរូបរាងនៃប្រាង្គទី១ ប្រាង្គទី២ និងទំហំរូបរាងនៃក្រុមប្រាសាទព្រមទាំងការកំណត់ដំណាក់កាលសាងសង់ តាមរយៈការធ្វើ កំណាយ។ ទី២. ការលើកតម្លៃ ផ្តោតលើកការរក្សានូវតុល្យភាពនៃស្ថានភាពអភិរក្សរបស់ប្រាង្គប្រាសាទដែលជាលទ្ធផលពីកំណាយ និងបង្ហាញរូបរាងដើមរបស់ប្រាសាទ ដើម្បីជាគុណប្រយោជន៍ដល់ការយល់ដឹងអំពីស្ថាបត្យកម្ម នគរោបនីយកម្ម និងទេសភាពបុរាណក្នុងបរិវេណកំពែងរាជធានីឦសានបុរៈ ជាមួយការពង្រីកនិងកែលម្អខ្សែទស្សនាចរណ៍ថ្មីស្របតាមផែនការមេនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ របស់អ.ជ.ស.ព.។
ជាលទ្ធផលពីកំណាយ បានបង្ហាញរូបរាងដើមរបស់ប្រាសាទ ដែលបានកប់ក្នុងដី ដើម្បីជាគុណប្រយោជន៍ដល់ការយល់ដឹងអំពីស្ថាបត្យកម្ម នគរោបនីយកម្ម និងទេសភាពបុរាណ ក្នុងបរិវេណកំពែងរាជធានីឦសានបុរៈ ជាមួយការពង្រីកនិងកែលម្អខ្សែទស្សនាចរណ៍ថ្មីស្របតាមផែនការមេនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ របស់អ.ជ.ស.ព.។
ប្រាសាទនេះមានគូរទឹកនៅជ្រុងទាំងបី (ខាងកើត, ខាងត្បូង និងខាងជើង) មានទួលប្រាសាទសរុបចំនួន៤ ដែលប្រាង្គទី១មានប្លង់បាតរាងអដ្ឋកោណ ហើយមានការលួចជីកគាស់ កកាយនៅសម័យ សង្គ្រាម និងគ្របដណ្តប់ដោយពពួករុក្ខជាតិតូច-ធំ ព្រមទាំងគំនរដីបង្គររួមជាមួយ សំណល់បាក់បែកនៃសម្ភារៈសំណង់។ ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ និងកត្តាមនុស្ស ប្រាង្គចំនួនពីរបានបន្សល់រូបរាងត្រឹមខឿនក្រោមជញ្ជាំង។ ទោះជាយ៉ាងនោះក្តី ក៏យើងអាចដឹងបានថាក្រុមប្រាសាទនេះសាងក្នុងកំពែង ដែលក្នុងការស្រាវជ្រាវបច្ចុប្បន្នបង្ហាញនូវក្លោងទ្វារចំនួនពីរ មួយពីខាងត្បូងនិងមួយទៀតពីខាងជើង។ ជាការសន្និដ្ឋានបឋម ប្រាសាទនេះអាចមាន៣ដំណាក់កាលសំខាន់នៃការស្ថាបនា។ រីឯភស្តុតាងលើផ្នែកសិល្បៈនិងស្ថាបត្យកម្ម អាចកំណត់នៅរវាងពាក់កណ្តាលសតវត្សរ៍ទី៧នៃគ្រិស្តសករាជ ស្ថិតនៅរវាងចុងរចនាបថសំបូរព្រៃគុក និងដើមរចនាបថព្រៃក្មេង ហើយយើងអាចធ្វើការប្រៀបធៀបប្រាង្គទាំងពីរដែលបានធ្វើកំណាយជាមួយនឹងប្រាសាទមួយចំនួននៅសំបូរព្រៃគុក (ពិសេសក្រុមប្រាសាទយាយព័ន្ធ, ក្រុមប្រាសាទសំបូរ) និងប្រាសាទខ្លះទៀតក្នុងសម័យមុនអង្គរ (ដូចជា ប្រាសាទស្រីគ្រប់ល័ក្ខណ៍-ភ្នំបាសិត ជាដើម)។ ទន្ទឹមនោះ ក្នុងការស្រាវជ្រាវនេះក៏ប្រទះឃើញតិចតួចអំពីបំណែកដីដុតខ្មែរសម័យអង្គរដែរ។ គម្រោងនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែកញ្ញាឆ្នាំ២០២២ខាងមុខ។
គួរកត់សម្គាល់ថា ដើម្បីពង្រីកនូវការចូលរួម និងយល់ដឹងពីសំណាក់អ្នកសិក្សា-ស្រាវជ្រាវ អ.ជ.ស.ព. ក៏មានសេចក្តីសោមនស្សអនុវញ្ញាតឱ្យទីតាំងប្រាសាទនេះសម្រាប់ធ្វើការសិក្សាបែបវិទ្យាសាស្ត្រនានាដូចជា ការវិភាគលក្ខណៈរូបនិងគីមី ដោយមហាវិទ្យាល័យរ៉ែនិងភូគព្ភសាស្ត្រ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, និងការបណ្តុះបណ្តាលស្រាវជ្រាវបុរាណវិទ្យានិងអភិរក្សបេតិកភណ្ឌ ដល់និស្សិតផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា ក្នុងគម្រោងកម្ពុជា-ជប៉ុន អភិរក្សប្រាសាទសំបូរព្រៃគុក ដោយមានកិច្ចសហការពីសាកលវិទ្យាល័យស្គុបា និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយការឧបត្ថម្ភថវិកាពីភ្នាក់ងារសម្រាប់កិច្ចការវប្បធម៌នៃរដ្ឋាភិបាលជប៉ុន។