ប្រវត្តិ និងកិច្ចការអភិរក្សប្រាសាទសំបូរព្រៃគុក
១.ប្រវត្តិប្រាសាទសំបូរព្រៃគុក
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡាក្នុងចន្លោះចុងសតវត្សទី៦ ដើមសតវត្សទី៧នៃគ្រឹស្តសករាជ។ រាជធានីបុរាណខ្មែរមួយនេះ បានកត់ត្រាក្នុងសៀវភៅកំណត់ត្រារបស់បេសកជនចិនជាលើកដំបូងក្នុងសន្តតិវង្សថាង នាពាក់កណ្តាលទីមួយនៃសតវត្សទី៧។ នៅសម័យកាលនោះ ព្រះរាជាមានអំណាចគ្រប់គ្រងលើអាណាចក្រខ្មែរទាំងមូល រួមទាំងភាគខាងត្បូងប្រទេសឡាវ និងប្រទេសថៃបច្ចុប្បន្ន។
សំណល់បុរាណជាច្រើននៅក្នុងរាជធានីឦសានបុរៈ គឺស្ថិតក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក សព្វថ្ងៃមានជាអាទិ៍៖ ប្រាសាទឥដ្ឋ សិលាចារឹក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាដទៃទៀត។ សំណង់ទាំងនោះ បានឆ្លុះបញ្ចាំងអំពីដំណាក់កាលនៃការរីកចម្រើនរបស់អារ្យធម៌ខ្មែរនាសម័យនោះ។ សំណង់ស្ថាបត្យកម្ម និងសិល្បៈបានបង្ហាញពីការទទួលឥទ្ធិពលវប្បធម៌ឥណ្ឌា ទន្ទឹមនឹងការរក្សានូវវប្បធម៌ក្នុងស្រុក ដែលនេះបញ្ជាក់ពីដំណើរនៃការទទួលឥទ្ធិពលឥណ្ឌា និងនាំមកនូវលក្ខណៈឯកនៃវប្បធម៌ខ្មែរ។ ស្ថាបត្យកម្ម និងក្បូរក្បាច់រចនានៃចម្លាក់នៅលើតួប្រាសាទរាង៨ជ្រុង ដែលអ្នកស្រាវជ្រាវហៅថាប្រាសាទអណ្តែត និងក្បាច់រចនាលម្អនៅលើផ្តែរមានរូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ក្នុងសិល្បៈខ្មែរ។ រមណីយដ្ឋាននេះ បានស្ថាបនាឡើងជាបន្តបន្ទាប់អស់រយៈពេលប្រហែល៥០០ឆ្នាំ ដែលរំលេចឲ្យឃើញតួប្រាសាទ បដិមា និងស្នាដៃសិល្បៈជាច្រើនស្ថិតនៅកណ្តាលព្រៃ ជិតក្រុងកំពង់ធំ ប្រហែលពាក់កណ្តាលផ្លូវពីភ្នំពេញទៅសៀមរាប។
តាមលក្ខណៈស្ថាបត្យកម្មនៃក្រុមប្រាសាទទាំងនោះ សំបូរព្រៃគុកមានវឌ្ឍនភាពឡើងក្នុងរាជព្រះបាទឦសានវរ្ម័នទី១ ដែលជាព្រះរាជបុត្ររបស់ចិត្រាសេន។ ក្នុងរាជ្យរបស់ព្រះអង្គ សំណង់សាសនាជាច្រើនត្រូវបានស្ថាបនាឡើង។ សំណង់សាសនាទាំងនោះ ជាស្នាដៃឯកដ៏វិចិត្រនៃសិល្បៈខ្មែរសម័យមុនអង្គររួមមាន៖ ចម្លាក់ក្រឡោតលើឥដ្ឋ តួប្រាសាទឥដ្ឋរាង៨ជ្រុង ចម្លាក់លើកំបោរបាយអរ និងចម្លាក់ក្រឡោតក្នុងក្បាច់មេដាយ។ វិសាលភាពនៃសំណង់រក្សាទឹក ជាភស្តុតាងបន្ថែមទៀតដែលបង្ហាញពីសារសំខាន់របស់រាជធានី និងពីសមិទ្ធផលបច្ចេកវិទ្យារបស់ស្ថាបត្យករ និងវិស្វករនាសម័យនោះ។ ទោះបីដូច្នោះក្តី ក៏មានប្រាសាទខ្លះត្រូវបានកសាងឡើងមុនរាជព្រះអង្គ ដូចជាក្នុងរាជ្យរបស់ព្រះបាទភវវរ្ម័នទី១ មហេន្ទ្រវរ្ម័ន និងភវវរ្ម័នទី២ ដែលជាញ្ញាតិសន្តានរាជវង្ស។ ទោះបីជាមានការផ្លាស់ប្តូររាជធានីទៅតំបន់អង្គរនៅសតវត្សទី៩ក៏ដោយ ក៏សំបូរព្រៃគុកនៅជាមណ្ឌលសំខាន់មួយនៅសម័យអង្គរ ដោយមានការកសាងសំណង់សាសនាបន្ថែម និងជួសជុលសំណង់ចាស់ៗពីមុន។ ភស្តុតាងទាំងនោះ ត្រូវបានរកឃើញលើក្បាច់លម្អនៅប្រាសាទតោ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ក្រុមប្រាសាទសំបូរ ដែលមានសិលាចារឹកក្នុងរាជ្យរបស់ព្រះបាទរាជេន្រ្ទវរ្ម័នទី២ នៅសតវត្សទី១០ និងសិលាចារឹកនៅក្រុមប្រាសាទរបងរមាសចារក្នុងរាជ្យរបស់ព្រះបាទសុរិយាវរ្ម័នទី១។ មិនតែប៉ុណ្ណោះ តាមរយ:ការស្រាវជ្រាវកំណាយបុរាណវិទ្យា គេក៏ប្រទះឃើញនូវសំណល់បុរាណវត្ថុជាច្រើនដែលស្ថិតក្នុងសម័យក្រោយអង្គរផងដែរ។
រមណីយដ្ឋានសំបូរព្រៃគុក ជាប្រភពពត៌មានដ៏សំខាន់នៃប្រវត្តិសាស្រ្តនៅតំបន់អាស៊ីអាគ្នេយ៏ និងជាមណ្ឌលសាសនាដ៏សំខាន់នាអំឡុងពាក់កណ្តាលសហវត្សទី១នៃគ្រឹស្តសករាជ។ សិលាចារឹកនិងសំណល់បុរាណវិទ្យាទាំងឡាយបានផ្តល់នូវការយល់ដឹងទាក់ទងទៅនឹងសម័យកាលដ៏សំខាន់នេះ មុនការកកើតឡើងនៃអាណាចក្រខ្មែរនាសម័យអង្គរ។
នៅចន្លោះសតវត្សទី១១ ដល់ចុងសតវត្សទី១៩ មានពត៌មានតិចតួចណាស់អំពីតួនាទី និងសារសំខាន់នៃប្រាសាទសំបូរ ដែលជាអតីតរាជធានី ទីកន្លែងប្រតិបត្តិសាសនា និងកសិកម្ម។ ចំណែកសំណង់លំនៅដ្ឋានទាំងឡាយនាសម័យបុរាណបានបាត់បង់រូបរាងទាំងស្រុង បន្សល់ទុកតែប្រាង្គប្រាសាទ ទិដ្ឋភាពទេសភាព និងសំណង់រក្សាទឹកតែប៉ុណ្ណោះជាភស្តុតាង។
នាសម័យសង្គ្រាម រមណីយដ្ឋានសំបូរព្រៃគុកបានទទួលរងការខូចខាតដោយការវាយប្រយុទ្ធ និងកង្វះការថែទាំ។ រហូតដល់ឆ្នាំ១៩៩២ រាជរដ្ឋាភិបាលបានគ្រប់គ្រងតំបន់នេះឡើងវិញ បន្ទាប់មកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត បានចាប់ផ្តើមគិតគូរ សិក្សា និងអភិរក្សរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកឡើងវិញ។ កិច្ចការថែទាំ និងអភិរក្សរមណីយដ្ឋាននាពេលនោះនៅមានកម្រិត ដោយសារថវិកាជាតិស្តួចស្តើង និងកង្វះខាតអ្នកឯកទេសគ្រប់ផ្នែក ដូចជាអ្នកអភិរក្ស អ្នកជំនាញជួសជុល ព្រមទាំងអ្នកចាត់ចែង និងគ្រប់គ្រងរមណីយដ្ឋានប្រវត្តិសាស្រ្ត។ បច្ចុប្បន្ន តួប្រាសាទទាំងឡាយ ទេសភាពវប្បធម៌ និងទេសភាពធម្មជាតិនៅក្នុងតំបន់រមណីដ្ឋានដ៏ធំទូលាយនេះ កំពុងបើកទ្វារទទួលភ្ញៀវទេសចរ និងអ្នកឯកទេសនានាចូលទស្សនា និងធ្វើការសិក្សាស្រាវជ្រាវទាំងប្រវត្តិសាស្រ្ត វប្បធម៌ និងជំនឿសាសនា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំឯកសារស្នើដាក់តំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១២ រហូតដល់ចុងឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់លោកជំទាវរដ្ឋមន្រ្តី មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអ្នកជំនាញរបស់អង្គការយូណេស្កូ បានប្រមូលឯកសារបន្ថែមដែលពាក់ព័ន្ធ រួចផ្ញើជូនទៅអង្គការយូណេស្កូអន្តរជាតិ។ ស្របពេលជាមួយគ្នានោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចងក្រងច្បាប់ និងឯកសារពាក់ព័ន្ធមួយចំនួនទាក់ទងនឹងការកំណត់តំបន់ការពារ និងគ្រប់គ្រងរមណីយ ដ្ឋានប្រាសាទសំបូរព្រៃគុក។
បន្ទាប់ពីការងារស្រាវជ្រាវនិងចងក្រងឯកសារអស់រយៈពេលជាងបីឆ្នាំ ឯកសារស្នើសុំចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានផ្ញើជូនទៅអង្គការយូណេស្កូអន្តរជាតិនៅដើមឆ្នាំ២០១៦ រយៈពេល៩ខែបន្ទាប់ពីបញ្ជូនឯកសាររួចមក អ្នកឯកទេសរបស់ ICOMOS បានចុះមកពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែង នៅរមណីយដ្ឋានសំបូរព្រៃគុក និងបានផ្តល់អនុសាសន៍មួយចំនួនដើម្បីឱ្យឯកសារស្នើសុំកាន់តែមានភាពរឹងមាំ។
កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាសេនាធិការបច្ចេកទេស ដឹកនាំដោយលោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា និងមន្រ្តីជំនាញ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តទៅពីថ្ងៃទី០២-១២ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៣៧នាទី (ម៉ោងនៅប្រទេសកម្ពុជា) យប់ថ្ងៃទី0៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។
ដោយមានលក្ខណៈពិសេសបីយ៉ាង ដែលនាំឱ្យការសម្រេចដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាបេតិកភណ្ឌពិភពលោក មាន ទីI៖តម្លៃលេចធ្លោជាសាកល ទីII៖ការរក្សាបាននូវបុរាណភាព និងទីIII៖សភាពដើមរបស់ប្រាសាទ។
២.ប្រវត្តកិច្ចអភិរក្សប្រាសាទសំបូរព្រៃគុក
កិច្ចស្រាវជ្រាវនិងកិច្ចអភិរក្សរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានចាប់ផ្តើមនៅចុងសតវត្សទី១៩ គឺនៅពេលដែលក្រុមប្រាសាទសំបូរ ត្រូវបានបង្ហាញទៅដល់សហគមន៍អ៊ឺរ៉ុបជាលើកដំបូង លោក ឡឺក្លែរ និងបន្តបន្ទាប់អ្នកស្រាវជ្រាវជនជាតិបារាំង។ ក្រោយមកកិច្ចការស្រាវជ្រាវមួយចំនួន ដោយសាលាបារាំងចុងបូរព៌ា (EFEO) ដែលជាការចាប់ផ្តើមបឋមមួយទៅលើការចងក្រងបញ្ជីសារពើភណ្ឌប្រាសាទ និងបុរាណដ្ឋាននានា។ ពេលនោះកិច្ចគាំពារប្រាសាទក៏បានអនុវត្តដូចជា៖ ការកាប់ឆ្ការសំអាតព្រៃនៅលើប្រាសាទ និងក្នុងបរិវេណប្រាសាទ ដែលពេលនោះផ្តោតសំខាន់ទៅលើក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធ ដែលបានអនុវត្តដោយអភិរក្សដ្នានអង្គរក្នុងអំឡុងឆ្នាំ១៩២៧-១៩២៨។ លើសពីនេះទៅទៀតកិច្ចការអភិរក្ស និងកិច្ចការស្រាវជ្រាវផ្នែកបុរាណវិទ្យា ត្រូវបានអនុវត្តចាប់ពីឆ្នាំ១៩៥៨-១៩៧០។
ផែនការអភិរក្ស និងការស្រាវជ្រាវ ត្រូវបានផ្អាកដោយសារសង្រ្គាមស៊ីវិលទសវត្សរ៍ឆ្នាំ១៩៧០។ ប្រាសាទសំបូរព្រៃគុកទទួលរងការខូចខាតខ្លាំង ដោយមានសង្រ្គាមអស់រយៈពេលជាង៣០ឆ្នាំ ពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៩០ បានធ្វើអោយប្រាង្គប្រាសាទមួយចំនួនធំ ទទួលរងនូវការខូចខាត ជាពិសេសវត្ថុសិល្បៈជាច្រើនត្រូវបានបំផ្លាញ និងលួចចេញពីទីតាំងដើម។ ដើមឆ្នាំទសវត្សរ៍ឆ្នាំ១៩៩០ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់សង្រ្គាម ហើយចាប់ផ្តើមរៀបចំ និងគ្រប់គ្រងជាថ្មី ដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយក្រសួងពាក់ព័ន្ធនានា បានធ្វើការខិតខំប្រឹងប្រែងលើកិច្ចការថែរក្សាលើរមណីយដ្នានដែលមិនអាចកាត់ថ្លៃបានរបស់មនុស្សជាតិ។ ទោះបីជាថវិកា និងអ្នកជំនាញនៅមានកំរិតក៏ដោយ ក៏បានបញ្ជៀសផលប៉ះពាល់ និងទទួលបាននូវលទ្ធផលល្អប្រសើរគួរជាទីមោទនៈដូចជា៖ ការងារថែទាំ គាំពារ ជួសជុលប្រាសាទ ការងារសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា សិល្បៈស្ថាបត្យកម្ម និងការរៀបចំក្រុង។
រាជរដ្ឋាភិបាលបានបង្កើតលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រកបដោយចិរភាពដូចខាងក្រោម៖
- ព្រះរាជក្រឹត្យដំបូងលេខ នស/រកត/០៣០៣/១១៦ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ កំណត់តំបន់រមណីយដ្នានសំបូរព្រៃគុក ក្នុងគោលបំណងអភិរក្សកេរតំណែលវប្បធម៌ទាំងផ្នែកបុរាណវិទ្យា ជាតិពន្ធុវិទ្យា ប្រវត្តិសាស្រ្ត និងលើកតម្លៃរមណីយដ្ឋានដែលត្រូវការពារអោយកាន់តែប្រសើរឡើង ព្រមទាំងអភិរក្សទេសភាពវប្បធម៌ បរិស្ថាន និងអភិវឌ្ឍន៍ទេសចរណ៍។
- ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៨៨ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៣ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា៥ និងមាត្រា៧ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៣/១១៦ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ កំណត់តំបន់រមណីយដ្នានសំបូរព្រៃគុក។
- ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៨៨ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៣ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា៥ និងមាត្រា៧ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៣/១១៦ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ កំណត់តំបន់រមណីយដ្នានសំបូរព្រៃគុក។
- ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៥/៨១០ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិដើម្បីការពារនិងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌នៃប្រាសាទសំបូរព្រៃគុក។
- អនុក្រឹត្យលេខ ១១៧ អនក្រ.បក ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិដើម្បីការពារនិងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌នៃប្រាសាទសំបូរព្រៃគុក។
- អនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការគ្រប់គ្រងរមណីយដ្ឋានសំបូរព្រៃគុក។
៣.កិច្ចអភិរក្សបន្តប្រាសាទសំបូរព្រៃគុក
ក្រោយតំបន់ប្រាសាទសំបូរព្រៃគុកបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិ សំបូរព្រៃ បានយកចិត្តទុកដាក់លើកិច្ចការអភិរក្សបន្តគឺ៖
បានក្រីមែកឈើតាមបណ្តាប្រាសាទ និងកាត់សម្អាតកូនឈើតូច-ធំដែលមានដុះនៅ លើកំពែង នៅ តាមទីតាំងក្រុមប្រាសាទសំបូរ និងក្រុមខាងជើង៖ N1, N7, N8, N9, N10, N11, N12, N13, N14-1, ប្រាសាទដើមច័ន្ទ(N15),ប្រាសាទអាស្រមមហាឫសី (N17),ប្រាសាទជ្រៃ N18, N19, ប្រាសាទក្បាលជ្រូក N20, ក្រុមប្រាសាទសណ្តាន់ និងប្រាសាទបុះរាម N24, ត្រួសពង្រីកផ្លូវទស្សនាចរខាងលិចប្រាសាទសំបូរ (ទទឹង៦ម៉ែត្រ ប្រវែង២០០ម៉ែត្រ) និងផ្លូវទស្សនាចរចូលប្រាសាទសណ្តាន់ និងប្រាសាទបុះរាម (ទទឹង ៦ម៉ែត្រ ប្រវែង១២០០ម៉ែត្រ)ក្រុមប្រាសាទតោ៖ C1, ក្រុម C5, ក្រុម C7, ក្រុម C8 និងស្រះជ្រុងឥសានប្រាសាទក្រុមប្រាសាទយាយព័ន្ធ៖ S1, S5, S7, S8, S9, S10, S11, S12 និងស្រះខាងមុខប្រាសាទក្រុម ប្រាសាទត្រពាំងរពាក់ (Z ,Y)និង ប្រាសាទគក់ទ្រូង(W) ពង្រីកផ្លូវទស្សនាចរប្រាសាទត្រពាំងរពាក់ និង ប្រាសាទគក់ទ្រូង (ទទឹង៦ម៉ែត្រ ប្រវែង១០៤០ម៉ែត្រ)ក្រុមប្រាសាទរបងរមាស(R),ប្រាសាទស្រីគ្រប់ ល័ក្ខក្រុម(L) និងពង្រីកផ្លូវទស្សនាចរប្រាសាទក្រុមប្រាសាទរបងរមាស (ទទឹង៤ម៉ែត្រ ប្រវែង២៣០០ម៉ែត្រ) ក្រុមប្រាសាទដូនមោង(D) និងប្រាសាទតាម៉ុម(T)។
ជាបណ្តោះអាសន្នបានដាក់ស្លាកសញ្ញាប្រាប់ដំណឹងដូចជា ហាមឡើង ហាមប៉ះចម្លាក់ ប្រយ័ត្នគ្រោះ ថ្នាក់ ចំនួន២៥ផ្ទាំង នៅតាមប្រាសាទដូចជា៖ ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ បានកែលម្អខ្សែទស្សនាចរនៅតាមទីតាំងក្រុមប្រាសាទសំបូរ៖ នៅខឿនប្រាង្គN1ធ្វើកំរាលឈើឆ្លងកាត់ចំនួន២, ពង្រីកផ្លូវទស្សនាចរខាងលិចប្រាសាទសំបូរឆ្ពោះទៅរកផ្លូវចូលខាងលិច (ប្រវែង២០០ម៉ែត្រ) និងពង្រីក ផ្លូវទស្សនាចរចូលប្រាសាទសណ្តាន់ និងប្រាសាទបុះរាម (ទទឹង៦ម៉ែត្រ ប្រវែង ១២០០ម៉ែត្រ) ក្រុម ប្រាសាទតោ៖ នៅខឿនប្រាង្គC1ធ្វើកំរាលឈើឆ្លងកាត់ចំនួន១ និងខ្លោងទ្វារខាងកើត (ខាងក្រៅនិង ខាងក្នុង) ធ្វើជណ្តើរ និងក្តារឆ្លងកាត់ ចំនួន២ និងពង្រីកផ្លូវទស្សនាចរចូលពីប្រាសាទត្រពាំងរពាក់ចូលមកខ្លោងទ្វារខាងលិច (ទទឹង៦ម៉ែត្រប្រវែង៣៥០ម៉ែត្រ) ក្រុមប្រាសាទយាយព័ន្ធ៖ នៅខ្លោងទ្វារខាងកើត(ខាងក្រៅនិងខាងក្នុង)ធ្វើជណ្តើរ និងក្តារឆ្លងកាត់ចំនួន២ និងនៅខ្លោងទ្វារខាងលិច(ខាងក្នុង)ធ្វើជណ្តើរនិងក្តារឆ្លងកាត់ចំនួន២ ក្រុមប្រាសាទរបងរមាស៖ ពង្រីកផ្លូវទស្សនាចរប្រាសាទក្រុមប្រាសាទរបងរមាស(ទទឹង៤ម៉ែត្រ ប្រវែង២៣០០ម៉ែត្រ)។
កែលម្អផ្លូវខូចខាត កំណាត់ផ្លូវកាត់មុខប្រាសាទតោ ឆ្ពោះទៅខាងក្រោយប្រាសាទយាយព័ន្ធ ទទឹង៥ម៉ែត្រ ប្រវែង៣០ម៉ែត្រ កំណាត់ផ្លូវមុខអភិរក្សដ្ឋានឆ្ពោះទៅខាងមុខប្រាសាទយាយព័ន្ធ ទទឹង៥ម៉ែត្រ ប្រវែង៣០ម៉ែត្រ កំណាត់ផ្លូវនៅពីខាងមុខ ប្រាសាទតោ ទទឹង១០ម៉ែត្រ ប្រវែង៤០ម៉ែត្រ កំណាត់ឆ្ពោះផ្លូវក្រុមប្រាសាទរបងរមាស ទទឹង៤ម៉ែត្រ ប្រវែង១០០ម៉ែត្រ។
បានធ្វើបង្គោលរបងឈើមានរបារឫស្សីការពារនៅតាមក្រុមប្រាសាទ និងខាងមុខអគារអភិរក្សដ្ឋាន៖ ព័ទ្ធបរិវេណប្រាសាទសំបូរ ប្រវែង៥៤០ម៉ែត្រ, ឃាំងផ្លូវចូលប្រាសាទដើមច័ន្ទ(N15)ប្រាសាទអាស្រមមហាឫសី(N17) និងប្រាសាទជ្រៃ(N18) ប្រវែង២៨០ម៉ែត្រ, ព័ទ្ធបរិវេណប្រាសាទតោ ប្រវែង២៨០ម៉ែត្រ, ព័ទ្ធបរិវេណ ប្រាសាទយាយព័ន្ធ និងឃាំងផ្លូវចូលស្រះខាងមុខប្រាសាទ ប្រវែង២៤០ម៉ែត្រ, ឃាំងផ្លូវចូលក្រុមប្រាសាទត្រពាំងរពាក់ ប្រវែង៤០ម៉ែត្រ, ព័ទ្ធបរិវេណអភិរក្សដ្ឋាន ប្រាសាទសំបូរព្រៃគុក ប្រវែង១០០ម៉ែត្រ។
ធ្វើផែនទីហានិភ័យបានអនុវត្តឡើងនៅតាមក្រុមប្រាសាទសំខាន់ៗ និងប្រាសាទរណបនានាដូចជាក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទត្រពាំងរពាក់ ក្រុមប្រាសាទស្រីគ្រប់ល័ក្ខ និងក្រុមប្រាសាទរបងរមាសសរុបចំនួន៤៦ប្រាសាទ។
បានដាក់ឧបករណ៍វាស់ស្ទង់តាមដានការខូចខាតនៅក្រុមប្រាសាទយាយព័ន្ធបានចំនួន ៥ប្រាសាទ។
ធ្វើហានិភ័យចម្លាក់ប្រាសាទអណ្តែតចំនួន១១៩ តាមប្រាសាទចំនួន១៦ គឺជាកិច្ចការមួយមានសារៈសំខាន់សម្រាប់កិច្ចការអភិរក្សព្រោះចម្លាក់ដ៏វិចិត្រនិងល្អឯកទាំងនោះមានការប្រឈមនឹងការខូចខាត។
បើកផ្លូវទស្សនាច្រកចូលនៅប្រាសាទយាយព័ន្ធ ខ្លោងទ្វារខាងលិចកំពែងខាងក្នុង(S5)៖ស៊ុមទ្វារ ប្រឈមនឹងហានិភ័យដោយងាកចេញពីទីតាំងដើមខិតទៅខាងជើងប្រវែង២០សង់ទីម៉ែត្រដោយសារស៊ុមខាងក្រោមបែកនិងស្រុតនៅផ្នែកខាងជើងម្យ៉ាងដើម្បីសម្រួលផ្លូវទស្សនាតាមច្រកដើមវិញ យើងបានរំកិលថ្មស៊ុមបញ្ឈរផ្នែកខាងត្បូងទៅទីតាំងដើមធ្វើជណ្តើរឈើនិងមានគម្រោងទល់ទ្រជញ្ជាំងឥដ្ឋជាបន្ទាន់។ ខ្លោងទ្វារខាងកើត កំពែងខាងក្រៅ (S15)៖ពង្រឹងរចនាសម្ព័ន្ធឡើងវិញចាក់ដីបំពេញរណ្តៅដែលបានលួចគាស់កកាយនិងធ្វើជណ្តើរឈើ (ទទឹង១,២ម៉ែត្របណ្តោយ៦,៣០ម៉ែត្រ និងកម្ពស់២,២០ម៉ែត្រ)ដើម្បីសម្រួលការឆ្លងកាត់។
សិក្សាស្ថានភាពដើមឈើដែលបង្កហានិភ័យដល់ប្រាសាទតាមក្រុមប្រាសាទសំខាន់ៗនិងតាមក្រុមប្រាសាទរណបចំនួន៣៦ទីតាំង។
កំណាយបង្ការក្នុងការដ្ឋានសាងសង់អគារសិក្សាថ្មីនៅអនុវិទ្យាល័យប្រាសាទសំបូរស្ថិតនៅក្នុងតំបន់ទ្រនាប់នៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
សិក្សាស្រាវជ្រាវនិងផ្ទៀងផ្ទាត់ស្លាកស្លាមបុរាណវិទ្យាតាមការអង្កេតស្ថានីយបុរាណជាក់ស្តែង និងផ្ទៀងផ្ទាត់តាមរយៈការសិក្សាពីរូបថតលើអាកាសនិងទិន្នន័យLIDARប្រទះឃើញមានទួល ប្រាសាទ ចំនួន៤ ប្រព័ន្ធធារាសាស្រ្តចំនួន៦ វត្ថុបុរាណចំនួន១ ផ្លូវបុរាណ១ ភូមិចាស់ចំនួន២ សំណល់ភាជន៍១កន្លែង ថ្មគោលចំនួន១ និងទេសភាពបុរាណមួយកន្លែង។
នៅក្នុងឆ្នាំ២០១៧ អាជ្ញាធរជាតិសំបូរព្រៃគុក បានទទួលគម្រោងមូលនិធិអភិរក្សអង្គរ សម្រាប់មកជួសជុលប្រាសាទ និងសង្រ្គោះចម្លាក់ចំនួន៣ គម្រោងមានដូចខាងក្រោម៖
- គម្រោងជួសជុលប្រាសាទប្រាសាទ S 11
- គម្រោងសង្គ្រោះបន្ទាន់ចម្លាក់លម្អលើជញ្ជាំង និងចម្លាក់ប្រាសាទអណ្តែត (ដំណាក់កាលទី១)
- គម្រោងជួសជុលចម្លាក់មេដាយនៅក្រុមប្រាសាទយាយព័ន្ធ។
- បានធ្វើរបងឈើដាក់ការពារកាត់ទទឹងផ្លូវចំនួនពីរខ្សែ នៅប្រាសាទសណ្តាន់បានប្រវែង១២ម៉ែត្រ
- បានត្រួសល្បាស់ ក្រីមែកឈើ កាត់កូនឈើតូច ធំដែលដុះនៅលើប្រាសាទនិងលើកំពែងប្រាសាទដូចជា៖
- ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទរបងរមាសនិងក្រុមប្រាសាទស្រីគ្រប់លក្ខណ៍
- សម្អាតនៅលើទួលប្រាសាទប្រឹង(M៩០)ស្ថិតនៅចំកណ្ដាលនៃរាជធានីបុរាណ។
- បានធ្វើស្លាកសញ្ញាប្រាប់ដំណឹងផ្សេងៗដូចជា៖ហាមឡើង ហាមចូលហាមប៉ះសិលាចារឹក និងចម្លាក់ និងប្រយ័ត្នគ្រោះថ្នាក់ ចំនួន១២១ផ្ទាំង ដាក់នៅតាមក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទត្រពាំងរពាក់ ក្រុមប្រាសាទរបងរមាស ប្រាសាទតាម៉ុម និងប្រាសាទដូនមោង។
- បានកែលម្អខ្សែទស្សនាចរក្នុងប្រាសាទ ដោយបានត្រួសល្បាស់និងកាប់ឆ្ការព្រៃខ្លះសម្រាប់ធ្វើផ្លូវវាងចេញពីកំពែងប្រាសាទ មាននៅប្រាសាទសណ្ដាន់ (N២១)និងប្រាសាទបុះរាម (N២៤)។
- បានចុះធ្វើសម្រង់ពីចម្លាក់ប្រាសាទអណ្ដែត ស្ថិតនៅក្នុងក្រុមប្រាសាទយាយព័ន្ធ ដែលមានហានិភ័យខ្ពស់ ដើម្បីធ្វើការអភិរក្សទៅថ្ងៃខាងមុខ។
- បានចុះសិក្សាពីហានិភ័យចម្លាក់មេដាយស្ថិតនៅលើកំពែងខាងក្នុង នៅផ្នែកខាងលិចនៃក្រុមប្រាសាទ យាយព័ន្ធ ដែលកំពុងប្រឈមទៅនឹងការរបេះធ្លាក់។