សិក្ខាលាលាស្តីពី «តំលៃនៃការអភិរក្ស និងអភិវឌ្ឍសំណង់វត្តអារាម ក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក» នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល

ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានរៀបចំដែនដី លំនៅឋាន និងប្រជាសាស្រ្ត នៃអាជ្ញាធរជាតិសំបូរព្រៃគុក សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល បានរៀបចំសិក្ខាសាលាស្តីពី «តំលៃនៃការអភិរក្ស និងអភិវឌ្ឍសំណង់វត្តអារាម ក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក» នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ក្រោមអធិបតីភាពលោក ឯម គឹមស្រ៊ាង ប្រធាននាយកដ្ឋានរៀបចំដែនដី លំនៅឋាន និងប្រជាសាស្រ្ត ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃ លោកអភិបាលរងស្រុកប្រាសាទសំបូរ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិសំបូរព្រៃគុក ថ្នាក់ដឹកនាំជំនាញនៃអាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលការពារបេតិកភណ្ឌ អាជ្ញាធរមូលដ្ឋាន មន្រ្តីពាក់ព័ន្ធ គណៈកម្មការវត្តក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក លោកគ្រូ/អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ១០០នាក់។ វាគ្មិន៣រូបអញ្ជើញមកពីអាជ្ញាធរជាតិសំបូរព្រៃគុក និងអាជ្ញាធរជាតិអប្សរា បានចូលរួមធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ក៏ដូចជាសារៈសំខាន់នានាជូនដល់សិក្ខាកាម ក្នុងអង្គសិក្ខាសាលាទាំងមូល។

គោលបំណងនៃសិក្ខាសាលាខាងលើនេះ គឺដើម្បីផ្សព្វផ្សាយឱ្យយល់ ចូលរួមថែរក្សា ការពារ និងបន្តរៀបចំអភិវឌ្ឍសំណង់នានាក្នុងវត្តអារាមឱ្យបានត្រឹមត្រូវតាមប្រពៃណី និងតាមការអភិវឌ្ឍនៃសង្គម។