កម្មវិធីបណ្តុះបណ្តាល «បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក» នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល

ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល បានរៀបចំកម្មវិធីបណ្តុះបណ្តាល «បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក» ក្រោមអធិបតីភាពលោក ច័ន្ទ វិត្ថារ៉ុង ប្រធាននាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស និងមានការចូលរួមពីលោកនាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃ អ.ជ.ស.ព. ព្រមទាំងលោកគ្រូ សិស្ស-និស្សិត សរុប៦០នាក់។

ប្រធានបទសំខាន់ៗចំនួនពីរគឺ «ប្រវត្តិប្រាសាទសំបូរព្រៃគុក» និង «បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក» ត្រូវបានលើកមកធ្វើបទបង្ហាញជូនសិស្ស-និស្សិត និងសិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលទាំងមូល ដោយថ្នាក់ដឹកនាំនាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក។ ក្នុងនោះកម្មវិធីបណ្តុះបណ្តាលក៏បានរៀបចំការបង្ហាញស្តីពី «ការងារអភិរក្សប្រាសាទសំបូរព្រៃគុក» នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដោយផ្ទាល់ ជូនទៅដល់ក្រុមសិស្ស-និស្សិត ដោយមានការបែងចែកជាក្រុម ដឹកនាំក្រុមដោយមន្រ្តី និងបុគ្គលិកជំនាញនៃនាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស ដើម្បីងាយស្រួលក្នុងការបង្ហាត់បង្ហាញជូនឱ្យកាន់តែមានភាពច្បាស់លាស់ និងទទួលយល់ដឹងគ្រប់ៗគ្នា។

គោលបំណងនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលនេះឡើង គឺដើម្បីបង្ហាត់បង្ហាញដល់សិស្ស-និស្សិត ដើម្បីស្វែងយល់កាន់តែច្បាស់នូវតម្លៃសម្បត្តិបេតិកភណ្ឌ ក៏ដូចជាការអភិរក្សនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ព្រមទាំងបញ្ជ្រាបនូវគំនិតចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះក្នុងបច្ចុប្បន្ន និងទៅអនាគត។