វគ្គបណ្តុះបណ្តាលស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សបេតិកភណ្ឌ

វគ្គបណ្តុះបណ្តាលស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សបេតិកភណ្ឌ


កាលពីថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរជាតិសំបូរព្រៃគុក សហការជាមួយគម្រោងអភិរក្សប្រាសាទសំបូរព្រៃគុក ក្រោមជំនួយការឧបត្ថម្ភរបស់ភ្នាក់ងារសម្រាប់កិច្ចការវប្បធម៌នៃរដ្ឋាភិបាលជប៉ុន បានរៀបចំ <វគ្គបណ្តុះបណ្តាលស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សបេតិកភណ្ឌ> នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ និស្សិតដែលបានចូលរួមវគ្គបណ្តុះបណ្តាល គឺទទួលបានការបង្ហាត់បង្ហាញអំពីកិច្ចការងារអភិរក្ស ការងារបុរាណវិទ្យា និងវិធីសាស្រ្តក្នុងការស្រាវជ្រាវដោយផ្ទាល់ពីថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីជំនាញរបស់ អ.ជ.ស.ព.។

  វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ដោយមាននិស្សិតចូលរួម ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាកលវិទ្យាល័យន័រតុន ចំនួន១៥នាក់។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ពុទ្ធិ និងបទពិសោធន៍សំខាន់ដល់មនុស្សជំនាន់ក្រោយ ដើម្បីស្វែងយល់បន្ថែមអំពី ការគ្រប់គ្រង ការអភិរក្ស ការស្រាវជ្រាវ និងការធ្វើកំណាយបុរាណវិទ្យា នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។