ការបណ្ដុះបណ្ដាល

ការបណ្តុះបណ្តាលធនធានមនុស្សក្នុងការងារអភិរក្សនៅសំបូរព្រៃគុក

ការបណ្តុះបណ្តាលធនធានមនុស្សបានផ្តល់ទិដ្ឋភាពមួយក្នុងទស្សនៈវិស័យវែង​ឆ្ងាយ​នៃ​កិច្ច​អភិរក្សរបស់ អ.ជ.ស.ព.។ ផ្នែកទាំង​អស់នឹងនាំទៅដល់លក្ខណៈមួយ ប្រកបដោយនិរន្ត៍ភាពក្នុងការការពារការថែទាំ និងការអភិរក្សប្រាសាទ នៅសំបូរព្រៃគុកដែលជាតំបន់បេតិកភណ្ឌពិភពលោក។  កម្មវិធីនេះបានរួមចំណែក ដល់ការបង្កើនធនធានមនុស្ស មិនត្រឹមតែធ្វើឡើងក្នុងការថែរក្សាបូជនីយដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកក្នុងការបណ្តុះបណ្តាលអ្នកជំនាញនាទៅអនាគត។  សកម្មភាព​បណ្តុះ​បណ្តាល​ធនធានមនុស្សនោះ​ត្រូវ​ចែក​ជា៥​ផ្នែកធំៗ៖

១​. ការបណ្តុះបណ្តាលសិស្សានុសិស្សកម្រិតមធ្យមសិក្សានៅក្នុងរមណី​យដ្ឋាន

អ.ជ.ស.ព. បានបង្កើត​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជា​ច្រើន​ដល់​សហគមន៍​មូលដ្ឋាននៅ​ក្នុង​តំបន់​ការពារ។ ទន្ទឹមនឹងទស្សនៈវិស័យនេះ នាយកដ្ឋានរមណីយដ្ឋាន បុរាណវិទ្យា និងអភិរក្ស បានសហការណ៍ជាមួយគ្រឹះស្ថានអប់រំក្នុងរមណីយដ្ឋាន បង្កើតកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំក្រោមប្រធានបទស្តីអំពី«បេតិក​ភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក»។វគ្គនេះបាន​ផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស​កម្រិត​មធ្យមសិក្សាឲ្យបានយល់ដឹងបន្ថែមអំពីតម្លៃបេតិ​កភណ្ឌនិង​រមណីយដ្ឋានព្រម​ទាំងលើកទឹកចិត្តឲ្យចូលរួមក្នុង​កិច្ចការពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានសំបូរព្រៃគុក​។ជាអកុសលដោយសារស្ថានភាព នៃជម្ងឺកូវីដ១៩រីករាលដាលបានបណ្តាលឲ្យយើងផ្អាកនៅ​ឆ្នាំ២០២០។ ទោះ​ជា​យ៉ាងណាយើងបាននឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាល​ឡើងវិញនៅឆ្នាំ២០២១ ដោយចែកជាក្រុមតូចៗតាម​វិធានការ​ការ​ពារកូវីដ១៩​ និងគ្រោងផ្តល់ជាការសិក្សាតាមរយៈប្រព័ន្ធអ៊ីនធឺណិតជាដើម។

សកម្មភាពវគ្គ​បណ្តុះ​បណ្តាល​ដល់សិស្សានុសិស្សកម្រិត​មធ្យម​សិក្សា

២. ការបណ្តុះបណ្តាលដល់និស្សិតសាកលវិទ្យាល័យ

ជាប្រចាំឆ្នាំវគ្គបណ្តុះបណ្តាលនេះបាន​ជ្រើសរើសនិស្សិតផ្នែក​ស្ថាបត្យកម្មនិង​បុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឱ្យ​ចូល​រួមដើម្បីអនុវត្ត ការងារផ្ទាល់ នៅតាមការដ្ឋានអភិរក្សរបស់អ.ជ.ស.ព.​។ កម្មវិធីនេះទៀតសោត បានចូលរួមចំណែកដល់ការបង្កើនធនធានមនុស្ស សម្រាប់បន្តវេន ក្នុងការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការងារអភិរក្ស។ កម្មវិធីនេះបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់អាជ្ញាធរជាតិសំបូរព្រៃគុកក្នុងការសិក្សាអំពីសម័យមុនអង្គរ ដែលបានវិវត្តន៍ពីវគ្គសាកល្បង រហូតដល់ក្លាយជាកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំរបស់អ.ជ.ស.ព.។ ទន្ទឹម​នោះ អ.ជ.ស.ព.​ ក៏​បាន​សហការណ៍ ជាមួយសាកលវិទ្យាល័យវ៉ាសេដានៃប្រទេសជប៉ុនដើម្បី​រួមចំណែកដើម្បី​បង្កើនសកម្មភាពក្នុង​កិច្ចការ​នេះដែរ ដោយ​ពង្រីក​ទៅ​ដល់​សាកវិទ្យាល័យ​ផ្សេងៗ។

 

សកម្មភាព ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងវគ្គបណ្តុះបណ្តាល

៣. ការហ្វឹកហាត់ការងារនៅក្នុងការដ្ឋាន

កម្មវិធីនេះបាន​ផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សំបូរព្រៃគុកចូលរួមធ្វើការហ្វឹកហាត់ការងារនៅ​តាម​ការដ្ឋានអភិរក្ស​នានា។ កម្មវិធីនេះក៏បានរួមចំណែកដល់ការបង្កើនធន​ធានមនុស្សឲ្យមានបទពិសោធន៍ក្នុង​ការងារផ្ទាល់ដើម្បីក្លាយជាអ្នកជំនាញក្នុងការជួសជុលការធ្វើកំណាយ និង ការងារអភិរក្ស។ ទន្ទឹម​នោះ ​អ.ជ.ស.ព.​ក៏​បាន​សហការណ៍ជាមួយ សាកលវិទ្យាល័យវ៉ាសេដានៃប្រទេសជប៉ុន ដើម្បី​រួមចំណែក​បង្កើនសកម្មភាពក្នុង​កិច្ចការ​នេះដែរ។

 


ការហ្វឹកហាត់ការងាររបស់ប្រជាជននៅក្នុងតំបន់

៤. ទស្សនកិច្ចសិក្សាស្វែងយល់អំពីកិច្ចអភិរក្ស

អ្នកជំនាញរបស់នាយកដ្ឋានរមណីយដ្ឋាន បុរាណវិទ្យា និងអភិរក្ស បានដំណើរទស្សនកិច្ចសិក្សានៅតាមការដ្ឋានជួសជុលនានា នៅក្នុងតំបន់អង្គរ និងការដ្ឋានអភិរក្សរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយផ្តោតសំខាន់លើផ្នែកបុរាណវិទ្យា និងការអភិរក្សប្រាសាទ។ កម្មវិធីនេះ គឺជាការ​ដកស្រង់បទពិសោធន៍ និង​ការពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយ លើវិធាន និង​បច្ចេកទេសនៃការអភិរក្ស។

ទស្សនកិច្ចអំពីកិច្ចអភិរក្សនៅតំបន់អង្គរ

៥. ការផ្លាស់ប្តូរបទ​ពិសោធន៍ក្នុងការស្រាវជ្រាវនិងអភិរក្ស

កម្មវិធីនៃនេះបាន​បង្កើតឡើងដើម្បីការអភិវឌ្ឍសមត្ថភាពរបស់អ្នកជំនាញនៅ អ.ជ.ស.ព. ដើម្បីផ្លាស់ប្តូរនិង​ស្វែងយល់នូវចក្ខុវិស័យជាសាកល ក្នុងវិស័យវប្បធម៌ បុរាណវិទ្យានិងអភិរក្ស។ ថ្មីៗនេះមានកម្មវិធីផ្លាស់ប្តូររវាងអ្នកជំនាញខ្មែរ-ជប៉ុនក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិសំបូរព្រៃគុក និងសាកលវិទ្យាល័យវ៉ាសេដានៃប្រទេសជប៉ុន។ ប៉ុន្តែដោយសារឥទ្ធិពលជម្ងឺកូវីដ១៩បានធ្វើឲ្យសកម្មភាពមួយចំនួន ត្រូវបានពន្យារពេល និងចាប់ផ្តើមអនុវត្តន៍កម្មវិធីផ្លាស់ប្តូរតាមរយៈប្រព័ន្ធអ៊ីនធឺណិត។