អភិរក្ស

ការអភិរក្សរបស់អាជ្ញាធរជាតិសំបូរព្រៃគុក

ចាប់ពីឆ្នាំ២០១៧មក អាជ្ញាធរជាតិសំបូរព្រៃគុក(អ.ជ.ស.ព.)បានបន្តនិងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុង កិច្ចអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយ ចីរភាពនៅតំបន់ប្រាសាទសំបូរព្រៃគុកដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សកម្មភាពទាំងនេះ គឺជាការរក្សានូវតម្លៃជាសាកល និងតម្លៃសោភ័ណភាព នៃសំណង់ស្ថាបត្យកម្មដ៏ល្អឯកនាចុងសតវត្សរ៍ទី៦ ដល់ដើមសតវត្សរ៍​ទី៧នៃគ.ស.សម្រាប់បន្តដល់មនុស្សជំនាន់ក្រោយ។នាពេលបច្ចុប្បន្នសកម្មភាពសង្គ្រោះ​បន្ទាន់និងការងារជួសជុលប្រាង្គប្រាសាទ កំពុងបានដើរតួនាទីសារៈសំខាន់ក្នុងបេសកកម្មគាំពារអភិរក្សដល់រចនាសម្ព័ន្ធ រួមទាំងចម្លាក់លម្អរបស់​ប្រាង្គ​ប្រាសាទផង ដែល​ទ្រុឌទ្រោម​និង​ប្រឈម​នឹង​ហានិភ័យដោយផ្អែកលើការតាមដាននិង​ផ្ទៀង​ផ្ទាត់ហានិភ័យ​លើមូលដ្ឋាននៃផែនទីហានិភ័យ ដែល​ធ្វើបច្ចុប្បន្ននៅឆ្នាំ២០១៧។ ស្រប​គ្នានោះ ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​បុរាណ​វិទ្យាក៏ត្រូវ​បាន​អនុវត្តដើម្បី​សិក្សា​ស្វែង​យល់ឱ្យកាន់​តែ​ច្បាស់អំពី​តួនាទី​និងរចនាសម្ព័ន្ធ​សំណង់។បន្ថែមពីនោះអ.ជ.ស.ព. ក៏បានលុបរណ្តៅ គ្រឹះប្រាសាទបន្សល់ពីការជីកគាស់កកាយរបស់ទុច្ចរិតជននាសម័យកាលសង្គ្រាម។ ក្នុងកិច្ចការអភិរក្សនេះ អ.ជ.ស.ព. បានពង្រីកបន្តចេញ​ពី​ក្រុម​ប្រាសាទសំខាន់ៗទាំងបី (ប្រាសាទសំបូរ ​ប្រាសាទ​យាយព័ន្ធ និង​ប្រាសាទ​តោ) ទៅតាមបណ្តាប្រាង្គប្រាសាទនានាផ្សេងៗទៀតនៅក្នុងរមណីយដ្ឋាននេះ ដែលរហូតមកដល់ពេល​មាន​ប្រាង្គ​ប្រាសាទចំនួន២៨ និងខ្លោង​ទ្វារចំនួន៣បានធ្វើអន្តរាគមន៍ ហើយចំនួនប្រាង្គប្រាសាទចំនួន៦កំពុង​អនុវត្ត។

ប្រាង្គ S11 មុន និងក្រោយការជួសជុល

 

ប្រាង្គ Z1 មុន និងក្រោយការជួសជុល

1

ក្រៅពីនោះអ.ជ.ស.ព.ក៏​បាន​បោះ​បង្គោលព្រំ​ការ​ពារ​រមណីយដ្ឋានតាមព្រះរាជក្រឹត្យ​កំណត់តំបន់រមណីយដ្ឋានឆ្នាំ២០១៤សកម្មភាពទាំងនេះនឹងឈានឆ្ពោះទៅរក និរន្តន៍ភាពនៃផែន​ការ​រយៈពេលវែងសម្រាប់កិច្ចការពារនិងអភិរក្សនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។ទន្ទឹមនឹងនោះអ.ជ.ស.ព. ក៏ចូលរួមចំណែកក្នុង ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឲ្យក្លាយជាអ្នកជំនាញនាពេលអនាគត និងឲ្យពួកគេបន្តការងារនៅតាមបុរាណដ្ឋានផ្សេងទៀត។ មិនតែប៉ុណ្ណោះ សកម្មភាពនេះក៏បានផ្តល់ជាការងារ ទន្ទឹមនឹងការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ប្រាសាទសំបូរព្រៃគុក។

ចម្លាក់មេដាយលើជញ្ជាំងកំពែង និង​ខ្លោងទ្វារខាង​លិចS5 ប្រាសាទយាយព័ន្ធ មុន និង​ក្រោយអភិរក្ស