ប្រវត្តិ

24 November 2020

 ប្រវត្តិ និងកិច្ចការអភិរក្សប្រាសាទសំបូរព្រៃកុក

១.ប្រវត្តិប្រាសាទសំបូរព្រៃគុក

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡាក្នុង​ចន្លោះ​ចុងសតវត្សទី៦ ដើមសតវត្សទី៧នៃគ្រឹស្តសករាជ។ រាជធានីបុរាណខ្មែរមួយនេះ បានកត់ត្រាក្នុង​សៀវ​ភៅ​កំណត់​ត្រារបស់បេសកជនចិនជាលើកដំបូងក្នុងសន្តតិវង្សថាង នាពាក់កណ្តាលទីមួយនៃសតវត្សទី៧។ នៅសម័យ​កាលនោះ ព្រះរាជាមានអំណាចគ្រប់គ្រងលើអាណាចក្រខ្មែរទាំងមូល រួមទាំងភាគខាង​ត្បូង​ប្រទេស​​​ឡាវ និងប្រទេសថៃបច្ចុប្បន្ន។

សំណល់បុរាណជាច្រើននៅក្នុងរាជធានីឦសានបុរៈ គឺស្ថិតក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ​សព្វថ្ងៃមានជាអាទិ៍៖ ប្រាសាទឥដ្ឋ សិលាចារឹក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាដទៃទៀត។ សំណង់​​​ទាំងនោះ បានឆ្លុះបញ្ចាំងអំពីដំណាក់កាលនៃការរីកចម្រើនរបស់អារ្យធម៌ខ្មែរនាសម័យនោះ។ សំណង់​​​​ស្ថាបត្យកម្ម និងសិល្បៈបានបង្ហាញពីការទទួលឥទ្ធិពលវប្បធម៌ឥណ្ឌា ទន្ទឹមនឹងការរក្សានូវ​វប្បធម៌​ក្នុងស្រុក ដែលនេះបញ្ជាក់ពីដំណើរនៃការទទួលឥទ្ធិពលឥណ្ឌា និងនាំមកនូវលក្ខណៈឯកនៃ​វប្បធម៌ខ្មែរ។ ស្ថាបត្យកម្ម និងក្បូរក្បាច់រចនានៃចម្លាក់នៅលើតួប្រាសាទរាង៨ជ្រុង  ដែលអ្នកស្រាវជ្រាវ​ហៅថាប្រាសាទ​អណ្តែត និងក្បាច់រចនាលម្អនៅលើផ្តែរមានរូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ក្នុង​សិល្បៈខ្មែរ។ រមណីយ​ដ្ឋាននេះ បានស្ថាបនាឡើងជាបន្តបន្ទាប់អស់រយៈពេលប្រហែល៥០០ឆ្នាំ ដែល​រំលេច​ឲ្យឃើញតួប្រាសាទ បដិមា និងស្នាដៃសិល្បៈជាច្រើនស្ថិតនៅកណ្តាល​ព្រៃ ជិតក្រុងកំពង់ធំ ប្រហែល​ពាក់កណ្តាលផ្លូវពី​ភ្នំពេញ​ទៅ​សៀមរាប។

          តាមលក្ខណៈស្ថាបត្យកម្មនៃក្រុមប្រាសាទទាំងនោះ សំបូរព្រៃគុកមានវឌ្ឍនភាពឡើងក្នុងរាជព្រះ​បាទ​ឦសា​នវរ្ម័នទី១ ដែលជាព្រះរាជបុត្ររបស់ចិត្រាសេន។ ក្នុងរាជ្យរបស់ព្រះអង្គ សំណង់សាសនាជា​ច្រើន​ត្រូវ​បាន​ស្ថាបនាឡើង។ សំណង់សាសនាទាំងនោះ ជាស្នាដៃឯកដ៏វិចិត្រនៃសិល្បៈខ្មែរសម័យមុនអង្គរ​រួមមាន៖ ចម្លាក់ក្រឡោតលើឥដ្ឋ តួប្រាសាទឥដ្ឋរាង៨ជ្រុង ចម្លាក់លើកំបោរបាយអរ និងចម្លាក់ក្រឡោត​ក្នុងក្បាច់​មេដាយ។ វិសាលភាពនៃសំណង់រក្សាទឹក ជាភស្តុតាងបន្ថែមទៀតដែលបង្ហាញពីសារសំខាន់​របស់​រាជធានី និង​ពីសមិទ្ធផលបច្ចេកវិទ្យារបស់ស្ថាបត្យករ និងវិស្វករនាសម័យនោះ។ ទោះបីដូច្នោះក្តី ក៏មានប្រាសាទខ្លះ​ត្រូវបានកសាងឡើងមុនរាជព្រះអង្គ ដូចជាក្នុងរាជ្យរបស់ព្រះបាទភវវរ្ម័នទី១ មហេន្ទ្រវរ្ម័ន និងភវវរ្ម័នទី២ ដែល​ជា​ញ្ញាតិសន្តានរាជវង្ស។ ទោះបីជាមានការផ្លាស់ប្តូររាជធានីទៅតំបន់អង្គរនៅសតវត្សទី៩ក៏ដោយ ក៏សំបូរព្រៃគុក​នៅជាមណ្ឌលសំខាន់មួយនៅសម័យអង្គរ ដោយមានការកសាងសំណង់​សាសនា​បន្ថែម និងជួសជុលសំណង់​ចាស់ៗពីមុន។ ភស្តុតាងទាំងនោះ ត្រូវបានរកឃើញលើក្បាច់លម្អនៅ​ប្រាសាទតោ គឺមានលក្ខណៈស្រដៀងគ្នា​ទៅនឹងសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ក្រុមប្រាសាទ​សំបូរ ដែលមានសិលាចារឹកក្នុងរាជ្យ​របស់​ព្រះបាទ​​​រាជេន្រ្ទវរ្ម័នទី២ នៅសតវត្សទី១០ និងសិលាចារឹកនៅ​ក្រុម​ប្រាសាទរបង​រមាសចារ​ក្នុងរាជ្យ​របស់​ព្រះ​បាទសុរិយា​វរ្ម័ន​ទី១។ មិនតែប៉ុណ្ណោះ តាមរយ:ការស្រាវជ្រាវ​កំណាយ​បុរាណវិទ្យា គេក៏​ប្រទះឃើញ​នូវ​សំណល់​​បុរាណ​វត្ថុ​ជាច្រើនដែលស្ថិតក្នុងសម័យក្រោយអង្គរ​ផងដែរ។

រមណីយដ្ឋានសំបូរព្រៃគុក ជាប្រភពពត៌មានដ៏សំខាន់នៃប្រវត្តិសាស្រ្តនៅតំបន់អាស៊ីអាគ្នេយ៏ និង​ជា​​មណ្ឌលសាសនាដ៏សំខាន់នាអំឡុងពាក់កណ្តាលសហវត្សទី១នៃគ្រឹស្តសករាជ។ សិលាចារឹកនិង​សំណល់​​បុរាណវិទ្យាទាំងឡាយបានផ្តល់នូវការយល់ដឹងទាក់ទងទៅនឹងសម័យកាលដ៏សំខាន់នេះ មុនការ​ក​កើត​ឡើង​នៃអាណាចក្រខ្មែរ​នាសម័យអង្គរ។

នៅចន្លោះសតវត្សទី១១ ដល់ចុងសតវត្សទី១៩ មានពត៌មានតិចតួចណាស់អំពីតួនាទី និងសារ​សំខាន់​នៃប្រាសាទសំបូរ ដែលជាអតីតរាជធានី ទីកន្លែងប្រតិបត្តិសាសនា និងកសិកម្ម។ ចំណែកសំណង់​លំនៅដ្ឋានទាំងឡាយនាសម័យបុរាណបានបាត់បង់រូបរាងទាំងស្រុង បន្សល់ទុកតែប្រាង្គប្រាសាទ ទិដ្ឋភាព​ទេសភាព និងសំណង់រក្សាទឹកតែប៉ុណ្ណោះជាភស្តុតាង។

នាសម័យសង្គ្រាម រមណីយដ្ឋានសំបូរព្រៃគុកបានទទួលរងការខូចខាតដោយការវាយប្រយុទ្ធ និង​កង្វះការថែទាំ។ រហូតដល់ឆ្នាំ១៩៩២ រាជរដ្ឋាភិបាលបានគ្រប់គ្រងតំបន់នេះឡើងវិញ បន្ទាប់មកក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត បានចាប់ផ្តើមគិតគូរ សិក្សា និង​អភិរក្សរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកឡើងវិញ។ កិច្ចការថែទាំ និងអភិរក្សរមណីយដ្ឋាននាពេលនោះ​នៅមានកម្រិត ដោយសារថវិកាជាតិស្តួចស្តើង និងកង្វះខាតអ្នកឯកទេសគ្រប់ផ្នែក ដូចជាអ្នកអភិរក្ស អ្នកជំនាញជួសជុល ព្រមទាំងអ្នកចាត់ចែង និងគ្រប់គ្រងរមណីយដ្ឋានប្រវត្តិសាស្រ្ត។ បច្ចុប្បន្ន តួប្រាសាទ​ទាំងឡាយ ទេសភាពវប្បធម៌ និងទេសភាពធម្មជាតិនៅក្នុងតំបន់រមណីដ្ឋានដ៏ធំទូលាយនេះ កំពុងបើកទ្វារ​ទទួលភ្ញៀវទេសចរ និងអ្នកឯកទេសនានាចូលទស្សនា និងធ្វើការសិក្សាស្រាវជ្រាវទាំងប្រវត្តិសាស្រ្ត វប្បធម៌ និងជំនឿសាសនា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំឯកសារស្នើដាក់តំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០១២ រហូតដល់ចុងឆ្នាំ២០១៣ ក្រោមការដឹកនាំរបស់លោកជំទាវរដ្ឋមន្រ្តី មន្រ្តី​ជំនាញ​របស់​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអ្នកជំនាញរបស់អង្គការយូណេស្កូ បានប្រមូល​ឯកសារ​បន្ថែម​ដែល​ពាក់​ព័ន្ធ រួចផ្ញើជូនទៅអង្គការយូណេស្កូអន្តរជាតិ។ ស្របពេលជាមួយ​គ្នានោះ​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ​ក៏​បាន​ចងក្រង​ច្បាប់ និងឯកសារពាក់ព័ន្ធមួយចំនួនទាក់ទងនឹងការកំណត់តំបន់ការពារ និងគ្រប់គ្រង​រមណីយ ដ្ឋាន​ប្រាសាទសំបូរព្រៃគុក។

បន្ទាប់ពីការងារស្រាវជ្រាវ​និងចងក្រង​ឯកសារអស់រយៈពេលជាងបីឆ្នាំ ឯកសារ​ស្នើសុំ​ចូល​ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក បានផ្ញើជូនទៅអង្គការយូណេស្កូអន្តរជាតិនៅដើមឆ្នាំ២០១៦ រយៈពេល៩​ខែបន្ទាប់​ពី​បញ្ជូន​ឯកសាររួចមក អ្នកឯកទេសរបស់ ICOMOS បានចុះមកពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែង នៅ​រមណីយដ្ឋាន​សំបូរព្រៃគុក និងបានផ្តល់អនុសាសន៍មួយចំនួនដើម្បីឱ្យឯកសារស្នើសុំកាន់តែមានភាពរឹងមាំ។

កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈ​ជា​សេនាធិការ​បច្ចេកទេស ដឹកនាំដោយលោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា និងមន្រ្តីជំនាញ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ត្រូវបានសម្រេចដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃ​គណៈ​កម្មា​ការ​បេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តទៅពីថ្ងៃទី០២-១២ខែ​​កក្កដា ឆ្នាំ២០១៧ ដែល​មាន​១៩៣​ប្រទេស​ជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «តំបន់​ប្រាសាទ​​សំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៣៧នាទី (ម៉ោងនៅ​ប្រទេស​កម្ពុជា​) យប់ថ្ងៃទី0៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។

ដោយមានលក្ខណៈពិសេសបីយ៉ាង ដែលនាំឱ្យការសម្រេចដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាបេតិកភណ្ឌពិភពលោក  មាន ទីI៖តម្លៃលេចធ្លោជាសាកល ទីII៖ការរក្សាបាននូវបុរាណភាព និងទីIII៖​សភាព​​ដើមរបស់ប្រាសាទ។

២.ប្រវត្តកិច្ចអភិរក្សប្រាសាទសំបូរព្រៃគុក

កិច្ចស្រាវជ្រាវនិងកិច្ចអភិរក្សរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានចាប់​ផ្តើម​នៅចុង​សតវត្ស​ទី​១៩ គឺនៅពេលដែលក្រុមប្រាសាទសំបូរ ត្រូវបានបង្ហាញទៅដល់សហគមន៍អ៊ឺរ៉ុបជាលើកដំបូង លោក ឡឺក្លែរ និង​​បន្តបន្ទាប់អ្នកស្រាវជ្រាវជនជាតិបារាំង។ ក្រោយមកកិច្ចការស្រាវជ្រាវមួយចំនួន ដោយ​សាលា​បារាំង​ចុង​បូរព៌ា (EFEO) ដែលជាការចាប់ផ្តើមបឋមមួយទៅលើការចងក្រងបញ្ជីសារពើភណ្ឌប្រាសាទ និង​បុរាណដ្ឋាន​នានា។ ពេលនោះកិច្ចគាំពារប្រាសាទក៏បានអនុវត្តដូចជា៖ ការកាប់ឆ្ការសំអាតព្រៃនៅលើប្រាសាទ និង​ក្នុង​បរិវេណ​ប្រាសាទ ដែលពេលនោះផ្តោតសំខាន់ទៅលើក្រុមប្រាសាទសំបូរ និងក្រុមប្រាសាទយាយព័ន្ធ ដែលបានអនុវត្តដោយអភិរក្សដ្នានអង្គរក្នុងអំឡុងឆ្នាំ១៩២៧-១៩២៨។ លើសពីនេះទៅទៀតកិច្ចការអភិរក្ស និងកិច្ចការស្រាវជ្រាវផ្នែកបុរាណវិទ្យា ត្រូវបានអនុវត្តចាប់ពីឆ្នាំ១៩៥៨-១៩៧០។

ផែនការអភិរក្ស និងការស្រាវជ្រាវ ត្រូវបានផ្អាកដោយសារសង្រ្គាមស៊ីវិលទសវត្សរ៍ឆ្នាំ១៩៧០។ ប្រាសាទ​សំបូរព្រៃគុកទទួលរងការខូចខាតខ្លាំង ដោយមានសង្រ្គាមអស់រយៈពេលជាង៣០ឆ្នាំ ពី​ឆ្នាំ​១៩៧០​ដល់​​ឆ្នាំ១៩៩០ បានធ្វើអោយប្រាង្គប្រាសាទមួយចំនួនធំ ទទួលរងនូវការខូចខាត ជាពិសេស​វត្ថុ​សិល្បៈ​ជាច្រើន​ត្រូវបានបំផ្លាញ និងលួចចេញពីទីតាំងដើម។ ដើមឆ្នាំទសវត្សរ៍ឆ្នាំ១៩៩០ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់សង្រ្គាម ហើយចាប់ផ្តើមរៀបចំ និងគ្រប់គ្រងជាថ្មី ដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន​សហការ​ជាមួយក្រសួងពាក់ព័ន្ធនានា បានធ្វើការខិតខំប្រឹងប្រែង​លើកិច្ចការថែរក្សាលើ​រមណីយដ្នានដែល​មិន​អាច​​កាត់ថ្លៃបានរបស់មនុស្សជាតិ។ ទោះបីជាថវិកា និងអ្នកជំនាញនៅមានកំរិតក៏ដោយ ក៏បាន​បញ្ជៀស​ផល​ប៉ះ​ពាល់ និងទទួលបាននូវលទ្ធផលល្អប្រសើរគួរជាទីមោទនៈដូចជា៖ ការងារថែទាំ គាំពារ ជួសជុលប្រាសាទ ការងារសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា សិល្បៈស្ថាបត្យកម្ម និងការរៀបចំក្រុង។

          រាជរដ្ឋាភិបាលបានបង្កើតលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីអភិរក្ស និងអភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រកប​ដោយចិរភាពដូចខាងក្រោម៖

          - ព្រះរាជក្រឹត្យដំបូងលេខ នស/រកត/០៣០៣/១១៦ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ កំណត់​តំបន់​រមណីយដ្នាន​សំបូរព្រៃគុក ក្នុងគោលបំណងអភិរក្សកេរតំណែលវប្បធម៌ទាំងផ្នែកបុរាណវិទ្យា ជាតិពន្ធុវិទ្យា ប្រវត្តិសាស្រ្ត និងលើកតម្លៃរមណីយដ្ឋានដែលត្រូវការពារអោយកាន់តែប្រសើរឡើង ព្រមទាំង​អភិរក្ស​ទេសភាព​វប្បធម៌ បរិស្ថាន និងអភិវឌ្ឍន៍ទេសចរណ៍។

          - ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៨៨ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៣ ស្តីពីការ​កែ​សម្រួល​មាត្រា៤ មាត្រា៥ និងមាត្រា៧ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៣/១១៦ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០០៣ ​កំណត់តំបន់រមណីយដ្នានសំបូរព្រៃគុក។

- ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៨៨ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៣ ស្តីពីការកែ​សម្រួល​មាត្រា​៤ មាត្រា៥ និងមាត្រា៧ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៣/១១៦ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៣ កំណត់តំបន់រមណីយដ្នានសំបូរព្រៃគុក។

- ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៥/៨១០ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិដើម្បីការពារនិងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌នៃប្រាសាទសំបូរព្រៃគុក។

- អនុក្រឹត្យលេខ ១១៧ អនក្រ.បក ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់អគ្គនាយកដ្ឋាននៃអាជ្ញាធរជាតិដើម្បីការពារនិងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌នៃប្រាសាទសំបូរព្រៃគុក។

- អនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំ និងការ​គ្រប់គ្រង​រមណីយដ្ឋាន​​សំបូរព្រៃគុក។

៣.កិច្ចអភិរក្សបន្តប្រាសាទសំបូរព្រៃគុក

ក្រោយតំបន់ប្រាសាទសំបូរព្រៃគុកបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិ សំបូរព្រៃ បានយកចិត្តទុកដាក់លើកិច្ចការអភិរក្សបន្តគឺ៖

បានក្រីមែកឈើតាមបណ្តា​ប្រាសាទ  និងកាត់សម្អាតកូនឈើតូច-ធំដែលមានដុះនៅ លើកំពែង នៅ តាមទីតាំងក្រុមប្រាសាទសំបូរ និង​ក្រុម​ខាង​ជើង៖ N1, N7, N8, N9, N10, N11, N12, N13, N14-1, ប្រាសាទ​ដើម​ច័ន្ទ(N15),ប្រាសាទអា​ស្រម​មហាឫសី (N17),ប្រាសាទ​ជ្រៃ N18, N19, ប្រាសាទ​ក្បាលជ្រូក N20,  ក្រុមប្រាសាទសណ្តាន់ និង​ប្រាសាទ​បុះ​រាម N24, ត្រួស​ពង្រីកផ្លូវ​ទស្សនាចរខាង​លិច​​ប្រាសាទ​សំបូរ (ទទឹង៦ម៉ែត្រ ប្រវែង២០០ម៉ែត្រ) និងផ្លូវទស្សនាចរចូលប្រាសាទសណ្តាន់ និងប្រាសាទបុះរាម (ទទឹង ៦ម៉ែត្រ ប្រវែង១២០០ម៉ែត្រ)ក្រុមប្រាសាទតោ៖ C1, ក្រុម C5, ក្រុម C7, ក្រុម C8 និង​ស្រះជ្រុង​ឥសាន​ប្រាសាទក្រុមប្រាសាទយាយព័ន្ធ៖ S1, S5, S7, S8, S9, S10, S11, S12 និង​ស្រះ​ខាង​មុខ​ប្រាសាទក្រុម ប្រាសាទត្រពាំងរពាក់ (Z ,Y)និង ប្រាសាទគក់​ទ្រូង(W) ពង្រីកផ្លូវ​ទស្សនា​ចរប្រាសាទ​ត្រពាំង​រពាក់ និង ប្រាសាទគក់​ទ្រូង (ទទឹង៦ម៉ែត្រ ប្រវែង១០៤០ម៉ែត្រ)ក្រុមប្រាសាទរបងរមាស(R),ប្រាសាទ​ស្រី​គ្រប់ ល័ក្ខក្រុម(L) និងពង្រីកផ្លូវ​ទស្សនា​ចរប្រាសាទក្រុមប្រាសាទរបងរមាស (ទទឹង៤ម៉ែត្រ ប្រវែង២៣០០ម៉ែត្រ) ក្រុមប្រាសាទដូនមោង(D) និងប្រាសាទតាម៉ុម(T)។

ជា​បណ្តោះ​អា​សន្នបានដាក់ស្លាកសញ្ញាប្រាប់​ដំណឹងដូចជា ហាមឡើង ហាមប៉ះចម្លាក់ ប្រយ័ត្នគ្រោះ ថ្នាក់ ចំនួន២៥​ផ្ទាំង នៅតាមប្រាសាទដូចជា​៖ ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ បានកែលម្អខ្សែទស្សនាចរនៅតាមទីតាំងក្រុមប្រាសាទសំបូរ៖ នៅខឿនប្រាង្គN1ធ្វើកំរាលឈើឆ្លងកាត់ចំនួន​២, ពង្រីកផ្លូវ​ទស្សនាចរខាង​លិច​​ប្រាសាទ​សំបូរ​ឆ្ពោះទៅរកផ្លូវចូលខាងលិច (ប្រវែង២០០ម៉ែត្រ) និងពង្រីក ផ្លូវទស្សនាចរចូលប្រាសាទសណ្តាន់ និងប្រាសាទបុះរាម (ទទឹង៦ម៉ែត្រ ប្រវែង ១២០០ម៉ែត្រ) ក្រុម ប្រាសាទតោ៖ នៅខឿនប្រាង្គC1ធ្វើកំរាលឈើឆ្លងកាត់ចំនួន​១ និង​ខ្លោង​ទ្វារខាង​កើត (ខាងក្រៅនិង ខាងក្នុង) ធ្វើជណ្តើរ និងក្តារ​ឆ្លង​កាត់ ចំនួន២ និងពង្រីកផ្លូវ​ទស្សនា​​ចរ​ចូលពីប្រាសាទ​ត្រពាំង​រពាក់ចូល​មកខ្លោង​ទ្វារ​ខាង​លិច (ទទឹង៦ម៉ែត្រប្រវែង​៣៥០ម៉ែត្រ) ក្រុមប្រាសាទយាយព័ន្ធ៖ នៅខ្លោង​ទ្វារ​ខាងកើត​(ខាងក្រៅ​និង​ខាង​ក្នុង)​ធ្វើជណ្តើរ និងក្តារឆ្លងកាត់ចំនួន២ និងនៅខ្លោងទ្វារ​ខាង​លិច(ខាងក្នុង)​ធ្វើជណ្តើរ​និង​ក្តារ​​ឆ្លង​កាត់ចំនួន២ ក្រុម​ប្រាសាទ​​របងរមាស៖ ពង្រីកផ្លូវ​ទស្សនា​ចរប្រាសាទក្រុមប្រាសាទរបងរមាស​(ទទឹង​៤ម៉ែត្រ ប្រវែង២៣០០​ម៉ែត្រ)។

កែលម្អផ្លូវខូចខាត កំណាត់ផ្លូវកាត់មុខប្រាសាទតោ ឆ្ពោះទៅខាងក្រោយប្រាសាទយាយព័ន្ធ ទទឹង​៥ម៉ែត្រ ប្រវែង៣០​​​ម៉ែត្រ កំណាត់ផ្លូវមុខ​អភិរក្ស​ដ្ឋានឆ្ពោះទៅខាងមុខប្រាសាទយាយព័ន្ធ ទទឹង​៥ម៉ែត្រ ប្រវែង​៣០​​​ម៉ែត្រ កំណាត់ផ្លូវនៅពីខាងមុខ ប្រាសាទតោ ទទឹង​១០ម៉ែត្រ ប្រវែង៤០​​​ម៉ែត្រ កំណាត់ឆ្ពោះ​ផ្លូវ​ក្រុម​ប្រាសាទ​របងរមាស  ទទឹង​៤ម៉ែត្រ ប្រវែង១០០​​​ម៉ែត្រ។

បានធ្វើបង្គោលរបងឈើមានរបារឫស្សីការពារនៅតាមក្រុមប្រាសាទ និងខាងមុខអ​គារ​អភិ​រក្សដ្ឋាន៖ ព័ទ្ធ​បរិវេណប្រាសាទសំបូរ ប្រ​វែង៥៤០ម៉ែត្រ, ឃាំងផ្លូវចូលប្រាសាទ​​​​​ដើមច័ន្ទ(N15)ប្រាសាទ​អាស្រម​មហាឫសី​(N17) និងប្រាសាទជ្រៃ​(N18) ប្រ​វែង២៨០ម៉ែត្រ, ព័ទ្ធបរិវេណប្រាសាទតោ ប្រ​វែង២៨០ម៉ែត្រ, ព័ទ្ធបរិវេណ ប្រាសាទយាយព័ន្ធ និងឃាំងផ្លូវចូលស្រះ​ខាង​មុខ​ប្រាសាទ ​ប្រ​វែង២៤០ម៉ែត្រ, ឃាំងផ្លូវ​ចូល​ក្រុម​ប្រាសាទ​ត្រពាំងរពាក់ ​ប្រ​វែង៤០ម៉ែត្រ, ព័ទ្ធបរិវេណអភិរក្សដ្ឋាន ប្រាសាទសំបូរព្រៃគុក ​ប្រ​វែង១០០ម៉ែត្រ។

ធ្វើ​ផែន​ទីហានិភ័យបានអនុវត្តឡើងនៅតាមក្រុមប្រាសាទ​សំខាន់ៗ និងប្រាសាទរណប​នានាដូចជា​ក្រុម​​​ប្រា​សាទ​​យាយព័ន្ធ ក្រុមប្រាសាទតោ ក្រុមប្រា​សាទសំបូរ ក្រុមប្រាសាទត្រពាំងរពាក់ ក្រុម​ប្រាសាទ​ស្រី​គ្រប់​ល័ក្ខ និង​ក្រុម​ប្រាសាទរបងរមាសសរុបចំនួន៤៦ប្រាសាទ។

បានដាក់ឧបករណ៍វាស់ស្ទង់តាមដានការខូចខាតនៅក្រុមប្រាសាទយាយព័ន្ធបានចំនួន ៥ប្រាសាទ។

ធ្វើហានិភ័យចម្លាក់ប្រាសាទអណ្តែតចំនួន១១៩ តាមប្រា​សាទចំនួន១៦ គឺជាកិច្ចការមួយមាន​សារៈ​សំខាន់​សម្រាប់កិច្ចការអភិរក្សព្រោះចម្លាក់ដ៏វិចិត្រនិង​ល្អ​ឯកទាំង​នោះ​មានការ​ប្រឈម​នឹងការខូច​ខាត​​។

បើកផ្លូវទស្សនាច្រកចូលនៅប្រាសាទយាយព័ន្ធ ខ្លោងទ្វារខាងលិចកំពែងខាងក្នុង(S5)៖ស៊ុមទ្វារ​  ប្រ​ឈម​នឹង​ហា​និភ័យដោយងាកចេញពីទីតាំង​ដើមខិត​ទៅខាងជើងប្រវែង២០សង់ទីម៉ែត្រដោយសារស៊ុម​ខាង​ក្រោម​បែកនិងស្រុតនៅផ្នែកខាងជើងម្យ៉ាងដើម្បីសម្រួល​ផ្លូវទស្សនា​តាម​ច្រកដើម​វិញ ​យើងបានរំកិល​ថ្មស៊ុម​បញ្ឈរ​ផ្នែកខាងត្បូងទៅទីតាំងដើមធ្វើ​ជណ្តើរឈើនិងមាន​គម្រោងទល់ទ្រ​ជញ្ជាំងឥដ្ឋជាបន្ទាន់។ ខ្លោងទ្វារ​ខាង​កើត​ កំពែងខាងក្រៅ (S15)៖ពង្រឹងរចនាសម្ព័ន្ធឡើងវិញចាក់​ដី​បំពេញរណ្តៅ​ដែលបាន​លួចគាស់កកាយ​និង​ធ្វើ​​ជណ្តើរឈើ (ទទឹង១,២ម៉ែត្របណ្តោយ៦,៣០ម៉ែត្រ ​​និងកម្ពស់២,២០ម៉ែត្រ)ដើម្បី​សម្រួល​ការឆ្លង​កាត់។

សិក្សាស្ថានភាពដើមឈើដែលបង្កហានិភ័យដល់​ប្រាសាទតាមក្រុមប្រាសាទសំខាន់ៗនិងតាមក្រុម​​ប្រាសាទរណប​ចំនួន៣៦ទីតាំង។

កំណាយបង្ការក្នុងការ​ដ្ឋាន​សាង​សង់​អ​គារ​សិក្សា​ថ្មី​នៅអនុវិទ្យាល័យប្រាសាទសំបូរស្ថិតនៅក្នុងតំបន់​​ទ្រនាប់នៃ​រមណីយ​ដ្ឋាន​ប្រាសាទសំបូរព្រៃគុក។

សិក្សា​ស្រាវ​ជ្រាវ​និង​ផ្ទៀង​ផ្ទាត់​ស្លាក​ស្លាម​បុ​រាណ​វិ​ទ្យាតាមការអង្កេតស្ថានីយបុរាណជាក់​ស្តែង និង​​ផ្ទៀង​​​ផ្ទាត់តាមរយៈការសិក្សាពីរូបថតលើអាកាសនិងទិ​ន្ន​ន័យLIDARប្រទះឃើញមានទួល ប្រាសាទ ចំនួន៤ ប្រព័ន្ធ​ធារាសាស្រ្តចំនួន៦ វត្ថុបុរាណចំនួន១ ផ្លូវបុរាណ១​ ភូមិចាស់ចំនួន២ សំណល់ភាជន៍១កន្លែង ថ្ម​គោល​ចំនួន១ និងទេសភាពបុរាណមួយកន្លែង។

នៅក្នុងឆ្នាំ២០១៧ អាជ្ញាធរជាតិសំបូរព្រៃគុក បានទទួលគម្រោងមូលនិធិអភិរក្សអង្គរ សម្រាប់​មក​​ជួសជុលប្រាសាទ និងសង្រ្គោះចម្លាក់ចំនួន៣ គម្រោងមានដូចខាងក្រោម៖

  • គម្រោងជួសជុលប្រាសាទប្រាសាទ S 11
  • គម្រោងសង្គ្រោះបន្ទាន់ចម្លាក់លម្អលើជញ្ជាំង និងចម្លាក់ប្រាសាទអណ្តែត (ដំណាក់កាលទី១)
  • គម្រោងជួសជុលចម្លាក់មេដាយនៅក្រុមប្រាសាទយាយព័ន្ធ។
  • បានធ្វើរបងឈើដាក់ការពារកាត់ទទឹងផ្លូវចំនួនពីរខ្សែ នៅប្រាសាទសណ្តាន់បានប្រវែង១២ម៉ែត្រ
  • បានត្រួសល្បាស់ ក្រីមែកឈើ កាត់កូនឈើតូច ធំដែល​ដុះនៅលើ​ប្រាសាទ​និងលើ​កំពែង​ប្រាសាទ​ដូចជា៖
  • ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទ​របង​រមាស​និង​ក្រុម​ប្រាសាទស្រីគ្រប់លក្ខណ៍
  • សម្អាតនៅលើទួលប្រាសាទប្រឹង(M៩០)ស្ថិតនៅចំកណ្ដាលនៃរាជធានីបុរាណ។
    • បានធ្វើស្លាកសញ្ញាប្រាប់ដំណឹងផ្សេងៗដូចជា៖​ហាមឡើង ហាមចូលហាមប៉ះសិលាចារឹក និងចម្លាក់ និងប្រយ័ត្នគ្រោះថ្នាក់ ចំនួន១២១ផ្ទាំង ដាក់នៅតាមក្រុមប្រាសាទសំបូរ ក្រុម​ប្រាសាទ​តោ​ ក្រុម​ប្រាសាទយាយព័ន្ធ ក្រុមប្រាសាទត្រពាំងរពាក់ ក្រុមប្រាសាទរបងរមាស ប្រាសាទតាម៉ុម និង​ប្រាសាទ​ដូនមោង។      
    • បានកែលម្អខ្សែទស្សនាចរក្នុងប្រាសាទ ដោយបានត្រួស​ល្បាស់និង​កាប់ឆ្ការព្រៃ​ខ្លះសម្រាប់ធ្វើ​ផ្លូវវាង​ចេញ​ពីកំពែងប្រាសាទ មាននៅប្រាសាទសណ្ដាន់ (N២១)និងប្រាសាទបុះរាម (N២៤)។
    • បានចុះធ្វើសម្រង់ពីចម្លាក់ប្រាសាទអណ្ដែត ស្ថិតនៅក្នុងក្រុមប្រាសាទយាយព័ន្ធ ដែលមាន​ហានិភ័យ​ខ្ពស់ ដើម្បីធ្វើការអភិរក្សទៅថ្ងៃខាងមុខ។​
    • បានចុះសិក្សាពីហានិភ័យចម្លាក់មេដាយស្ថិតនៅលើកំពែងខាងក្នុង នៅផ្នែក​​ខាងលិច​នៃ​ក្រុមប្រាសាទ យាយព័ន្ធ ដែលកំពុងប្រឈមទៅនឹងការរបេះធ្លាក់។