សេចក្ដីសង្ខេប

05 April 2022

អាជ្ញាធរជាតិសំបូរព្រៃគុក

 

អាជ្ញាធរជាតិដើម្បីការពារនិងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌នៃប្រាសាទសំបូរព្រៃគុក ហៅកាត់ថា អាជ្ញាធរជាតិសំបូរព្រៃគុក ជាគ្រឹះស្ថានសាធារណរដ្ឋបាលបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៥/៨១០ ចុះថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៥ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិ ដើម្បីការពារ និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។ ក្រោយមកទៀតដោយមាន ការកែសម្រួលថ្មីនៃគ្រឹះស្ថានសាធារណៈ អាជ្ញាធរជាតិសំបូរព្រៃគុកដែលជាគ្រឹះស្ថាន សាធារណៈរដ្ឋបាលក៏ត្រូវបានបង្កើតឡើងជាថ្មីម្តងទៀតដោយព្រះរាជក្រឹត្យលេខ នស/រកត/០២២០/២០៥ ចុះថ្ងៃទី២០ ខែកុម្ភៈ  ឆ្នាំ២០២០។
អាជ្ញាធរជាតិសំបូរព្រៃគុកមានភារកិច្ចចម្បងៗដូចខាងក្រោម៖

  •  ការពារ ថែរក្សា អភិវឌ្ឍ និងលើកតម្លៃឧទ្យានបុរាណវិទ្យា វប្បធម៌ បរិស្ថាន និងប្រវត្តិសាស្រ្តនៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក
  •  គ្រប់គ្រង និងចាត់ចែងការប្រើប្រាស់ដីធ្លីនៅក្នុងតំបន់រមណីយដ្ឋានប្រាសាទ សំបូរព្រៃគុក
  •  ទប់ស្កាត់បទល្មើសព្រៃឈើ និងអំពើអនាធិបតេយ្យនៅក្នុងតំបន់រមណីយដ្ឋាន ប្រាសាទសំបូរព្រៃគុក
  •  សិក្សារៀបចំ និងអនុវត្តឲ្យបានសម្រេចនូវផែនការសកម្មភាព និងកម្មវិធីរៀបចំ អភិវឌ្ឍន៍ ទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកប្រកបដោយចីរភាព។អាជ្ញាធរជាតិសំបូរព្រៃគុក(អ.ជ.ស.ព.)បានចាប់ផ្តើមការងាររបស់ខ្លួននៅដើមឆ្នាំ២០១៧ ការងារប្រចាំគឺគ្រប់គ្រងរមណីយដ្ឋាន ថែទាំ ជួសជុល ទុលទ្រ ប្រាសាទទាំងឡាយដែលប្រឈមនឹងហានិភ័យខ្ពស់បង្កឡើងដោយកត្តាធម្មជាតិ និងកត្តាគួបផ្សំផ្សេងទៀត។ ក្រៅពីនេះ អាជ្ញាធរជាតិសំបូរព្រៃគុក ក៏បានយកចិត្តទុកខ្ពស់ចំពោះហានិភ័យដែល បង្កឡើង ដោយសកម្មភាពភ្ញៀវទេសចរមកលើប្រាសាទ រចនាសម្ព័ន្ធប្រាសាទ សំណល់បុរាណផ្សេងៗ ក្នុងតំបន់ប្រាសាទ ក៏ដូចជាសកម្មភាពសាងសង់នានា ដែលនាំទៅដល់ការខូចខាតដល់បេតិកភណ្ឌវប្បធម៌ក្នុងតំបន់ប្រាសាទសំបូរព្រៃគុកទាំងមូល។

នាយកដ្ឋានចំណុះមាន៦៖

  ១-នាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
  ២-នាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស
  ៣- នាយកដ្ឋានរៀបចំដែនដី លំនៅឋាន និងប្រជាសាស្រ្ត
  ៤-នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍
  ៥-នាយកដ្ឋានបរិស្ថាន
  ៦-នាយកដ្ឋានសណ្តាប់ធ្នាប់

 

ការិយាល័យរដ្ឋបាលអាជ្ញាធរជាតិសំបូរព្រៃគុក ស្ថិតនៅបណ្តោះអាសន្ន រួមអគារជាមួយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ផ្លូវជាតិលេខ៦ ភូមិ១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។