ព័ត៌មាន :

អាជ្ញាធរជាតិសំបូរព្រៃគុក សូមជម្រាបដល់បងប្អូន ពូមីងដែលរស់នៅក្នុងនិងជុំវិញតំបន់ប្រាសាទសំបូរព្រៃគុកមេត្តាជ្រាបថា រាល់ការដាក់ពាក្យស្នើសុំជួសជុល ឬសាងសងផ្ទះ ធ្វើស្រែចំការ ។ល។ មិនតម្រូវអោយមានការបង់ថ្លៃសេវាផ្សេងៗឡើយ។ សូមបងប្អូន មកដាក់ពាក្យដោយផ្ទាល់ ដល់មន្រ្តីជំនាញនៅការិយាល័យស្ថិតនៅជាប់អូរគ្រូកែ និងសួរបញ្ជាក់រាល់បញ្ហាដែលមានមន្ទិល។ ពាក្យស្នើសុំសូមទាញយក

ព័ត៌មាន និងព្រឹត្តិការណ៍

ក្រុមអ្នកជំនាញការអាដហុក(Adhoc) នៃអាយស៊ីស៊ី-អង្គរ(ICC-Angkor)/សំបូរព្រៃគុក ចុះត្រួតពិនិត្យតាមការដ្ឋានជួសជុលសំខាន់ៗ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ៖

នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រុមអ្នកជំនាញការអាដហុក(Adhoc) នៃអាយស៊ីស៊ី-អង្គរ(ICC-Angkor)/សំបូរព្រៃគុក បានអញ្ជើញចុះត្រួតពិនិត្យការងារជួសជុល និងការអភិរក្សនៅការដ្ឋានជួសជុលមួយចំនួនក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយមានការចូលរួមពីអ្នកជំនាញការនៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកជាច្រើនរូប អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀតរបស់ អ.ជ.ស.ព.។ ការដ្ឋានដែលអាជ្ញាធរជាតិសំបូរព្រៃគុកកំពុងអនុវត្តការជួសជុលមួយចំនួនដែលអ្នកជំនាញបានចុះត្រួតពិនិត្យមានដូចជា ការដ្ឋានជួសជុលប្រាង្គ(C1) ក្រុមប្រាសាទតោ, ការដ្ឋានជួសជុលប្រាសាទស្រង់ព្រះ(N22) និងការដ្ឋានជួសជុលប្រាង្គ(N1) ក្រុមប្រាសាទសំបូរ។ ការដ្ឋានជួសជុល និងអភិរក្ស៤ផ្សេងទៀត ដែលទទួលបានអនុសាសន៍ពីអ្នកជំនាញ ហើយក្នុងនោះដែរ អាជ្ញាធរជាតិសំបូរព្រៃគុក នឹងអនុវត្តនៅពេលខាងមុខឆាប់ៗនេះ មានដូចជា ការដ្ឋានជួសជុល និងអភិរក្សប្រាង្គ(S2) និងការដ្ឋានអភិរក្សផ្នែកកណ្តាលប្រាង្គ(S1) ក្រុមប្រាសាទយាយព័ន្ធ, ការដ្ឋានសង្គ្រោះបន្ទាន់ប្រាង្គ(Z1) និងប្រាង្គ(Z3) ក្រុមប្រាសាទត្រពាំងរពាក់។ ការចុះត្រួតពិនិត្យ និងផ្លាស់ប្តូរយោបល់នេះដែរ គឺដើម្បីឱ្យអ្នកជំនាញផ្តល់នូវអនុសាសន៍ ចំណុចដែលត្រឹមត្រូវ ឬចំណុចដែលត្រូវកែលម្អ ក្នុងគោលបំណងឱ្យការងារទាំងនោះដំណើរការកាន់តែប្រសើឡើង។    

ពិធីសែនក្រុងពាលីបើកការដ្ឋានកំណាយស្រាវជ្រាវស្ថានីយ ប្រាសាទខ្នាចទោល

អាជ្ញាធរជាតិសំបូរព្រៃគុក រៀបពិធីសែនក្រុងពាលីបើកការដ្ឋានកំណាយស្រាវជ្រាវស្ថានីយ ប្រាសាទខ្នាចទោល   រសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំពិធីសែនក្រុងពាលីបើកការដ្ឋានកំណាយ ស្រាវជ្រាវស្ថានីយ ប្រាសាទខ្នាចទោល ដែលស្ថិតនៅក្នុងបរិវេណកំពែងក្រុង ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការអាជ្ញាធរជាតិសំបូរព្រៃគុកជាច្រើនទៀត។ គម្រោងនេះនឹងអនុវត្តដោយនាយកដ្ឋានបុរាណវិទ្យា និងអាភិរក្ស។ ក្នុងឆ្នាំ២០២២ នាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស បាននឹងកំពុងបន្ត៖ ១- ជួសជុលប្រាង្គកណ្តាលប្រាសាទតោ (C1), ដំណាក់កាលទី២ ២-ជួសជុលខឿនប្រាសាទយាយព័ន្ធ (S1) ដំណាក់កាលទី២ ៣-ជួសជុលខ្លោងទ្វារខាងក្នុង ភាគខាងត្បូង ក្រុមប្រាសាទយាយព័ន្ធ (S4) ៤-ជួសជុលដោយផ្នែក ប្រាង្គ Z1 និង Z3 ក្រុមប្រាសាទត្រពាំងរពាក់។    

អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក អាណត្តិទី២ លើកទី ០២ ឆ្នាំ២០២២

នៅថ្ងៃពុធ ០៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២២ អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក អាណត្តិទី២ លើកទី ០២ វេលាម៉ោង៨:៣០ នាទីព្រឹក នៅបន្ទប់ព្រះវិហារ ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក។ កិច្ចប្រជុំនាថ្ងៃនេះបានពិភាក្សាផ្តោតទៅលើចំណុចសំខាន់ៗមានដូចជា របាយការណ៍អនុវត្តន៍អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលប្រជុំអាណត្តិទី២លើកទី១ សកម្មភាពការងារឆ្នាំ២០២១ សកម្មភាពការងារឆ្នាំ២០២២ ផែនការសកម្មភាពការងារសម្រាប់អនុវត្តឆ្នាំ២០២៣ និងបញ្ហាផ្សេងៗ។

កម្មវិធីបណ្តុះបណ្តាល «បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក» នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល

ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល បានរៀបចំកម្មវិធីបណ្តុះបណ្តាល «បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក» ក្រោមអធិបតីភាពលោក ច័ន្ទ វិត្ថារ៉ុង ប្រធាននាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស និងមានការចូលរួមពីលោកនាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃ អ.ជ.ស.ព. ព្រមទាំងលោកគ្រូ សិស្ស-និស្សិត សរុប៦០នាក់។ ប្រធានបទសំខាន់ៗចំនួនពីរគឺ «ប្រវត្តិប្រាសាទសំបូរព្រៃគុក» និង «បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក» ត្រូវបានលើកមកធ្វើបទបង្ហាញជូនសិស្ស-និស្សិត និងសិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលទាំងមូល ដោយថ្នាក់ដឹកនាំនាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក។ ក្នុងនោះកម្មវិធីបណ្តុះបណ្តាលក៏បានរៀបចំការបង្ហាញស្តីពី «ការងារអភិរក្សប្រាសាទសំបូរព្រៃគុក» នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដោយផ្ទាល់ ជូនទៅដល់ក្រុមសិស្ស-និស្សិត ដោយមានការបែងចែកជាក្រុម ដឹកនាំក្រុមដោយមន្រ្តី និងបុគ្គលិកជំនាញនៃនាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស ដើម្បីងាយស្រួលក្នុងការបង្ហាត់បង្ហាញជូនឱ្យកាន់តែមានភាពច្បាស់លាស់ និងទទួលយល់ដឹងគ្រប់ៗគ្នា។ គោលបំណងនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលនេះឡើង គឺដើម្បីបង្ហាត់បង្ហាញដល់សិស្ស-និស្សិត ដើម្បីស្វែងយល់កាន់តែច្បាស់នូវតម្លៃសម្បត្តិបេតិកភណ្ឌ ក៏ដូចជាការអភិរក្សនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ព្រមទាំងបញ្ជ្រាបនូវគំនិតចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះក្នុងបច្ចុប្បន្ន និងទៅអនាគត។