ព័ត៌មាន :

សិក្ខាសាលាស្តីពីតម្លៃបេតិកភណ្ឌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ប្រកបដោយជោគជ័យ ដោយចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ខែមិថុនាកាលឆ្នាំ២០២២នៅសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ទីរួមខេត្តកំពង់ធំ ដោយមានការចូលរួមបើកជាអធិបតីនៅថ្ងៃទី១៩ ខែមិថុនា ពីឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម អភិបាលខេត្ត និងចូលរួមជាអធិបតីបិទដោយ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាង​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ និងលោក Michael Greenwald មន្រ្តីសម្របសម្របកិច្ចការសាធារណនៃស្ថានទូតអាមេរិច។ សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន៥៥រូបមកពីតំបនប្រាសាទសំបូរព្រៃគុក ប្រាសាទបន្ទាយឆ្មារ តំបន់អង្គរ ព្រះវិហារ និងវត្តស្វាយអណ្តែតនៅខេត្តកណ្តាល ព្រមទាំងមន្រ្តីជំនាញពីមន្ទីរខេត្តចំនួន២០។ សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីអប់រំសុវត្ថិភាពរមណីយដ្ឋានដែលមានការឧបត្ថម្ភគាំទ្រពីស្ថានទូតអាមេរិចដែលចង់ឲ្យ បងប្អូនរស់នៅជុំវិញតំបន់បេតិកភណ្ឌនានាស្គាល់ពីតម្លៃបេតិកភណ្ឌវប្បធម៌និងធម្មជាតិអោយកាន់តែច្បាស់និងចូលរួមគាំពារ  ទាំងអស់គ្នា។  

ព័ត៌មាន និងព្រឹត្តិការណ៍

មន្រ្តីទទួលបន្ទុកកិច្ចការវប្បធម៌ នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោកស្រី អាំប៉ារ៉ូ ហ្កាស្យៀ (Ms. AMPARO GARCIA) មន្រ្តីទទួលបន្ទុកកិច្ចការវប្បធម៌ (Cultural Affairs Officer) អមដំណើរដោយមន្រ្តីឯកទេសរៀបចំកម្មវិធី (Program Management Specialist) នៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានអញ្ជើញមកទស្សនកិច្ចរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនរបស់ អ.ជ.ស.ព.។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីស្វែងយល់អំពីការគ្រប់គ្រង កិច្ចអភិរក្ស ការជួសជុលប្រាសាទនានា ដែលបាននឹងកំពុងតែអនុវត្ត ដោយអាជ្ញាធរជាតិសំបូរព្រៃគុក ក៍ដូចជាវិស័យទេសចរណ៍ នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។  

ក្រុមអ្នកជំនាញការអាដហុក(Adhoc) នៃអាយស៊ីស៊ី-អង្គរ(ICC-Angkor)/សំបូរព្រៃគុក ចុះត្រួតពិនិត្យតាមការដ្ឋានជួសជុលសំខាន់ៗ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ៖

នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រុមអ្នកជំនាញការអាដហុក(Adhoc) នៃអាយស៊ីស៊ី-អង្គរ(ICC-Angkor)/សំបូរព្រៃគុក បានអញ្ជើញចុះត្រួតពិនិត្យការងារជួសជុល និងការអភិរក្សនៅការដ្ឋានជួសជុលមួយចំនួនក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយមានការចូលរួមពីអ្នកជំនាញការនៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកជាច្រើនរូប អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀតរបស់ អ.ជ.ស.ព.។ ការដ្ឋានដែលអាជ្ញាធរជាតិសំបូរព្រៃគុកកំពុងអនុវត្តការជួសជុលមួយចំនួនដែលអ្នកជំនាញបានចុះត្រួតពិនិត្យមានដូចជា ការដ្ឋានជួសជុលប្រាង្គ(C1) ក្រុមប្រាសាទតោ, ការដ្ឋានជួសជុលប្រាសាទស្រង់ព្រះ(N22) និងការដ្ឋានជួសជុលប្រាង្គ(N1) ក្រុមប្រាសាទសំបូរ។ ការដ្ឋានជួសជុល និងអភិរក្ស៤ផ្សេងទៀត ដែលទទួលបានអនុសាសន៍ពីអ្នកជំនាញ ហើយក្នុងនោះដែរ អាជ្ញាធរជាតិសំបូរព្រៃគុក នឹងអនុវត្តនៅពេលខាងមុខឆាប់ៗនេះ មានដូចជា ការដ្ឋានជួសជុល និងអភិរក្សប្រាង្គ(S2) និងការដ្ឋានអភិរក្សផ្នែកកណ្តាលប្រាង្គ(S1) ក្រុមប្រាសាទយាយព័ន្ធ, ការដ្ឋានសង្គ្រោះបន្ទាន់ប្រាង្គ(Z1) និងប្រាង្គ(Z3) ក្រុមប្រាសាទត្រពាំងរពាក់។ ការចុះត្រួតពិនិត្យ និងផ្លាស់ប្តូរយោបល់នេះដែរ គឺដើម្បីឱ្យអ្នកជំនាញផ្តល់នូវអនុសាសន៍ ចំណុចដែលត្រឹមត្រូវ ឬចំណុចដែលត្រូវកែលម្អ ក្នុងគោលបំណងឱ្យការងារទាំងនោះដំណើរការកាន់តែប្រសើឡើង។    

ពិធីសែនក្រុងពាលីបើកការដ្ឋានកំណាយស្រាវជ្រាវស្ថានីយ ប្រាសាទខ្នាចទោល

អាជ្ញាធរជាតិសំបូរព្រៃគុក រៀបពិធីសែនក្រុងពាលីបើកការដ្ឋានកំណាយស្រាវជ្រាវស្ថានីយ ប្រាសាទខ្នាចទោល   រសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំពិធីសែនក្រុងពាលីបើកការដ្ឋានកំណាយ ស្រាវជ្រាវស្ថានីយ ប្រាសាទខ្នាចទោល ដែលស្ថិតនៅក្នុងបរិវេណកំពែងក្រុង ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការអាជ្ញាធរជាតិសំបូរព្រៃគុកជាច្រើនទៀត។ គម្រោងនេះនឹងអនុវត្តដោយនាយកដ្ឋានបុរាណវិទ្យា និងអាភិរក្ស។ ក្នុងឆ្នាំ២០២២ នាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស បាននឹងកំពុងបន្ត៖ ១- ជួសជុលប្រាង្គកណ្តាលប្រាសាទតោ (C1), ដំណាក់កាលទី២ ២-ជួសជុលខឿនប្រាសាទយាយព័ន្ធ (S1) ដំណាក់កាលទី២ ៣-ជួសជុលខ្លោងទ្វារខាងក្នុង ភាគខាងត្បូង ក្រុមប្រាសាទយាយព័ន្ធ (S4) ៤-ជួសជុលដោយផ្នែក ប្រាង្គ Z1 និង Z3 ក្រុមប្រាសាទត្រពាំងរពាក់។    

អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក អាណត្តិទី២ លើកទី ០២ ឆ្នាំ២០២២

នៅថ្ងៃពុធ ០៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២២ អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក អាណត្តិទី២ លើកទី ០២ វេលាម៉ោង៨:៣០ នាទីព្រឹក នៅបន្ទប់ព្រះវិហារ ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក។ កិច្ចប្រជុំនាថ្ងៃនេះបានពិភាក្សាផ្តោតទៅលើចំណុចសំខាន់ៗមានដូចជា របាយការណ៍អនុវត្តន៍អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលប្រជុំអាណត្តិទី២លើកទី១ សកម្មភាពការងារឆ្នាំ២០២១ សកម្មភាពការងារឆ្នាំ២០២២ ផែនការសកម្មភាពការងារសម្រាប់អនុវត្តឆ្នាំ២០២៣ និងបញ្ហាផ្សេងៗ។

កម្មវិធីបណ្តុះបណ្តាល «បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក» នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល

ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល បានរៀបចំកម្មវិធីបណ្តុះបណ្តាល «បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក» ក្រោមអធិបតីភាពលោក ច័ន្ទ វិត្ថារ៉ុង ប្រធាននាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស និងមានការចូលរួមពីលោកនាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃ អ.ជ.ស.ព. ព្រមទាំងលោកគ្រូ សិស្ស-និស្សិត សរុប៦០នាក់។ ប្រធានបទសំខាន់ៗចំនួនពីរគឺ «ប្រវត្តិប្រាសាទសំបូរព្រៃគុក» និង «បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក» ត្រូវបានលើកមកធ្វើបទបង្ហាញជូនសិស្ស-និស្សិត និងសិក្ខាកាមក្នុងកម្មវិធីបណ្តុះបណ្តាលទាំងមូល ដោយថ្នាក់ដឹកនាំនាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក។ ក្នុងនោះកម្មវិធីបណ្តុះបណ្តាលក៏បានរៀបចំការបង្ហាញស្តីពី «ការងារអភិរក្សប្រាសាទសំបូរព្រៃគុក» នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដោយផ្ទាល់ ជូនទៅដល់ក្រុមសិស្ស-និស្សិត ដោយមានការបែងចែកជាក្រុម ដឹកនាំក្រុមដោយមន្រ្តី និងបុគ្គលិកជំនាញនៃនាយកដ្ឋានបុរាណវិទ្យា និងអភិរក្ស ដើម្បីងាយស្រួលក្នុងការបង្ហាត់បង្ហាញជូនឱ្យកាន់តែមានភាពច្បាស់លាស់ និងទទួលយល់ដឹងគ្រប់ៗគ្នា។ គោលបំណងនៃការរៀបចំកម្មវិធីបណ្តុះបណ្តាលនេះឡើង គឺដើម្បីបង្ហាត់បង្ហាញដល់សិស្ស-និស្សិត ដើម្បីស្វែងយល់កាន់តែច្បាស់នូវតម្លៃសម្បត្តិបេតិកភណ្ឌ ក៏ដូចជាការអភិរក្សនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ព្រមទាំងបញ្ជ្រាបនូវគំនិតចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះក្នុងបច្ចុប្បន្ន និងទៅអនាគត។  

អំពីការសាងសង់

អាជ្ញាធរជាតិសំបូរព្រៃគុក សូមជម្រាបដល់បងប្អូន ពូមីងដែលរស់នៅក្នុងនិងជុំវិញតំបន់ប្រាសាទសំបូរព្រៃគុកមេត្តាជ្រាបថា រាល់ការដាក់ពាក្យស្នើសុំជួសជុល ឬសាងសងផ្ទះ ធ្វើស្រែចំការ ។ល។ មិនតម្រូវអោយមានការបង់ថ្លៃសេវាផ្សេងៗឡើយ។ សូមបងប្អូន មកដាក់ពាក្យដោយផ្ទាល់ ដល់មន្រ្តីជំនាញនៅការិយាល័យស្ថិតនៅជាប់អូរគ្រូកែ និងសួរបញ្ជាក់រាល់បញ្ហាដែលមានមន្ទិល។