ការបណ្តុះបណ្តាលធនធានមនុស្សក្នុងការងារអភិរក្សនៅសំបូរព្រៃគុក
ការបណ្តុះបណ្តាលធនធានមនុស្សបានផ្តល់ទិដ្ឋភាពមួយក្នុងទស្សនៈវិស័យវែងឆ្ងាយនៃកិច្ចអភិរក្សរបស់អ.ជ.ស.ព.។ ផ្នែកទាំងអស់នឹងនាំទៅដល់លក្ខណៈមួយ ប្រកបដោយនិរន្ត៍ភាពក្នុងការការពារការថែទាំ និង ការអភិរក្សប្រាសាទ នៅសំបូរព្រៃគុកដែលជាតំបន់បេតិកភណ្ឌពិភពលោក។ កម្មវិធីនេះបានរួមចំណែក ដល់ការបង្កើនធនធានមនុស្ស មិនត្រឹមតែធ្វើឡើងក្នុងការថែរក្សាបូជនីយដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែក ក្នុងការបណ្តុះបណ្តាលអ្នកជំនាញនាទៅអនាគត។ សកម្មភាពបណ្តុះបណ្តាលធនធានមនុស្សនោះត្រូវចែកជា៥ផ្នែកធំៗ៖
១. ការបណ្តុះបណ្តាលសិស្សានុសិស្សកម្រិតមធ្យមសិក្សានៅក្នុងរមណីយដ្ឋាន
អ.ជ.ស.ព.បានបង្កើតនូវកម្មវិធីបណ្តុះបណ្តាលជាច្រើនដល់សហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារ។ ទន្ទឹមនឹងទស្សនៈវិស័យនេះ នាយកដ្ឋានរមណីយដ្ឋាន បុរាណវិទ្យា និងអភិរក្ស បានសហការណ៍ជាមួយគ្រឹះស្ថាន អប់រំក្នុងរមណីយដ្ឋាន បង្កើតកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំក្រោមប្រធានបទស្តីអំពី«បេតិកភណ្ឌវប្បធម៌ប្រាសាទសំបូរព្រៃគុក»។វគ្គនេះបានផ្តល់ចំណេះដឹងដល់សិស្សានុសិស្សកម្រិតមធ្យមសិក្សា ឲ្យបានយល់ដឹង បន្ថែមអំពីតម្លៃបេតិកភណ្ឌនិងរមណីយដ្ឋានព្រមទាំងលើកទឹកចិត្តឲ្យចូលរួមក្នុងកិច្ចការពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានសំបូរព្រៃគុក។ជាអកុសលដោយសារស្ថានភាព នៃជម្ងឺកូវីដ១៩រីករាលដាល បានបណ្តាល ឲ្យយើងផ្អាកនៅឆ្នាំ២០២០។ ទោះជាយ៉ាងណាយើងបាននឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាលឡើងវិញនៅឆ្នាំ២០២១ ដោយចែកជាក្រុមតូចៗតាមវិធានការការពារកូវីដ១៩ និងគ្រោងផ្តល់ជាការសិក្សាតាមរយៈ ប្រព័ន្ធអ៊ីនធឺណិតជាដើម។
សកម្មភាពវគ្គបណ្តុះបណ្តាលដល់សិស្សានុសិស្សកម្រិតមធ្យមសិក្សា
២. ការបណ្តុះបណ្តាលដល់និស្សិតសាកលវិទ្យាល័យ
ជាប្រចាំឆ្នាំវគ្គបណ្តុះបណ្តាលនេះបានជ្រើសរើសនិស្សិតផ្នែកស្ថាបត្យកម្មនិងបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឱ្យចូលរួមដើម្បីអនុវត្ត ការងារផ្ទាល់ នៅតាមការដ្ឋានអភិរក្សរបស់អ.ជ.ស.ព.។ កម្មវិធីនេះទៀតសោត បានចូលរួមចំណែកដល់ការបង្កើនធនធានមនុស្ស សម្រាប់បន្តវេន ក្នុងការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការងារអភិរក្ស។ កម្មវិធីនេះបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់អាជ្ញាធរជាតិសំបូរព្រៃគុកក្នុងការសិក្សាអំពីសម័យមុនអង្គរ ដែលបានវិវត្តន៍ពីវគ្គសាកល្បង រហូតដល់ក្លាយជាកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំរបស់អ.ជ.ស.ព.។ ទន្ទឹមនោះ អ.ជ.ស.ព. ក៏បានសហការណ៍ ជាមួយសាកលវិទ្យាល័យវ៉ាសេដានៃប្រទេសជប៉ុនដើម្បីរួមចំណែកដើម្បីបង្កើនសកម្មភាពក្នុងកិច្ចការនេះដែរ ដោយពង្រីកទៅដល់សាកវិទ្យាល័យផ្សេងៗ។
សកម្មភាព ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងវគ្គបណ្តុះបណ្តាល
៣. ការហ្វឹកហាត់ការងារនៅក្នុងការដ្ឋាន
កម្មវិធីនេះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សំបូរព្រៃគុកចូលរួមធ្វើការហ្វឹកហាត់ការងារនៅតាមការដ្ឋានអភិរក្សនានា។ កម្មវិធីនេះក៏បានរួមចំណែកដល់ការបង្កើនធនធានមនុស្សឲ្យមានបទពិសោធន៍ក្នុងការងារផ្ទាល់ដើម្បីក្លាយជាអ្នកជំនាញក្នុងការជួសជុលការធ្វើកំណាយ និង ការងារអភិរក្ស។ ទន្ទឹមនោះ អ.ជ.ស.ព.ក៏បានសហការណ៍ជាមួយ សាកលវិទ្យាល័យវ៉ាសេដានៃប្រទេសជប៉ុន ដើម្បីរួមចំណែកបង្កើនសកម្មភាពក្នុងកិច្ចការនេះដែរ។
ការហ្វឹកហាត់ការងាររបស់ប្រជាជននៅក្នុងតំបន់
៤. ទស្សនកិច្ចសិក្សាស្វែងយល់អំពីកិច្ចអភិរក្ស
អ្នកជំនាញរបស់នាយកដ្ឋានរមណីយដ្ឋានបុរាណវិទ្យានិងអភិរក្ស បានដំណើរទស្សនកិច្ចសិក្សានៅតាមការដ្ឋានជួសជុលនានា នៅក្នុងតំបន់អង្គរ និងការដ្ឋានអភិរក្សរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយផ្តោត សំខាន់លើផ្នែកបុរាណវិទ្យា និងការអភិរក្សប្រាសាទ។ កម្មវិធីនេះ គឺជាការដកស្រង់បទពិសោធន៍ និងការពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយ លើវិធាន និងបច្ចេកទេសនៃការអភិរក្ស។
ទស្សនកិច្ចអំពីកិច្ចអភិរក្សនៅតំបន់អង្គរ
៥. ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការស្រាវជ្រាវនិងអភិរក្ស
កម្មវិធីនៃនេះបានបង្កើតឡើងដើម្បីការអភិវឌ្ឍសមត្ថភាពរបស់អ្នកជំនាញនៅ អ.ជ.ស.ព. ដើម្បីផ្លាស់ប្តូរនិងស្វែងយល់នូវចក្ខុវិស័យជាសាកល ក្នុងវិស័យវប្បធម៌ បុរាណវិទ្យានិងអភិរក្ស។ ថ្មីៗនេះមានកម្មវិធីផ្លាស់ប្តូររវាងអ្នកជំនាញខ្មែរ-ជប៉ុនក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិសំបូរព្រៃគុក និងសាកលវិទ្យាល័យវ៉ាសេដានៃប្រទេសជប៉ុន។ ប៉ុន្តែដោយសារឥទ្ធិពលជម្ងឺកូវីដ១៩បានធ្វើឲ្យសកម្មភាពមួយចំនួន ត្រូវបានពន្យារពេល និងចាប់ផ្តើមអនុវត្តន៍កម្មវិធីផ្លាស់ប្តូរតាមរយៈប្រព័ន្ធអ៊ីនធឺណិត។