ជំនឿ និងការគោរពអ្នកតានៅសំបូរព្រៃគុក
ក្នុងបុរាណកាល ខ្មែរបានទទួលឥទ្ធិពលជំនឿ និងសាសនាពីឥណ្ឌា គឺព្រាហ្មញ្ញសាសនា និងពុទ្ធសាសនា។ ទន្ទឹមនោះការគោរពជំនឿដើមបែបជីវចល ដូចជាការគោរពលើអារក្សអ្នកតានៅតាមព្រៃ ភ្នំ ទន្លេ ព្រែក ជ្រោះ ជ្រលង ដងអូរជាដើម ក្នុងនោះ នៅតំបន់ប្រាសាទសំបូរព្រៃគុកក៍ឃើញមានការគោរពប្រតិបត្តិអ្នកតាជាច្រើន។ ដោយឡែកនៅអ្នកតាសំបូរបានបង្ហាញពីទំនៀមយ៉ាងបរមបុរាណ ដោយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងប្រាង្គប្រាសាទ ដូចមានការកត់សម្គាល់ក្នុងកិច្ចនៃពិធីឡើងអ្នកតា និង ពិធីច្រត់ព្រះនង្គ័ល។
ពិធីច្រត់ព្រះនង្គ័ល ជារៀងរាល់ឆ្នាំប្រារព្ធនៅខែពិសាខ ដើម្បីឲ្យទទួលបានភោគផលកសិកម្មល្អប្រសើរក្នុងរដូវបង្កបង្កើនផល និងសុំសេចក្ដីសុខសប្បាយចៀសវាងពីឧប្បត្ដិហេតុផ្សេងៗពីធម្មជាតិដល់អ្នកភូមិពិសេសគឺក្មេងៗ។
ពិធីឡើងអ្នកតា ជារៀងរាល់ឆ្នាំប្រារព្ធរយៈពេល៤ថ្ងៃក្នុងខែមាឃ ដើម្បីសុំសេចក្ដីសុខសប្បាយ និងចៀសវាងជំងឺតម្កាត់ផ្សេងៗ ទាំងមនុស្សសត្វនៅក្នុងភូមិ។