ប្រសាសន៍ស្វាគមន៍ ឯកឧត្តម ផាន់ ណាឌី
អគ្គនាយ នៃអាជ្ញាធរជាតិសំបូរព្រៃគុក
ប្រាសាទបូរព្រៃគុកមានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ១៨១គីឡូម៉ែត្រពីរាជធានីអង្គរនៃខេត្តសៀមរាប និងមានចម្ងាយប្រហែល១៧០គីឡូម៉ែត្រពីប្រាសាទព្រះវិហារនៃខេត្តព្រះវិហារ និងមានចម្ងាយប្រហែល ១៩៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទសម្បូរព្រៃគុកជាប្រភេទរមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលបានដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងKrakow ប្រទេសប៉ូឡូញ។
រយៈពេលបីឆ្នាំពិតជាកន្លងផុតទៅយ៉ាងឆាប់រហ័សមែន តែយើងទាំងអស់គ្នាក៏បានឯកភាពគ្នាធ្វើកិច្ចគាំពារនិងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌តំបន់រមណីយដ្ឋានសំបូរព្រៃគុកដើម្បីការអភិរក្សប្រាសាទ និងអភិវឌ្ឍន៍រមណីយដ្ឋានសំបូរព្រៃគុក។
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកគឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡាក្នុងចន្លោះចុងសតវត្សទី៦ ដើមសតវត្សទី៧នៃគ្រឹស្តសករាជ មានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីក្រុងស្ទឹងសែនក្នុងខេត្តកំពង់ធំបានបែងចែកជាតំបន់២ធំៗគឺ៖ តំបន់ រាជធានីនៅខាងលិច និងខាងកើត ខណ្ឌគ្នាដោយអូរគ្រូកែ ហើយសព្វថ្ងៃមានភូមិចំនួន៧ ស្ថិតក្នុងបរិវេណនោះ។
រមណីយដ្ឋានសំបូរព្រៃគុកបានទទួលរងការខូចខាតដោយសារសង្រ្គាមពិសេសនៅក្នុងសម័យខ្មែរក្រហមទីនោះត្រូវបោះបង់ចោល ដែលធ្វើឲ្យស្ថានភាពប្រាសាទកាន់តែទ្រុឌទ្រោមថែមមួយកម្រិតទៀត។ លុះដល់ឆ្នាំ១៩៩២ ទើបរាជរដ្ឋាភិបាលបានគ្រប់គ្រងតំបន់ប្រាសាទសំបូរព្រៃគុកហើយប្រគល់ភារកិច្ចជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀតនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផ្តើមគិតគូរ សិក្សានិងអភិរក្សរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកឡើងវិញ។ ជាក់ស្តែងចាប់ពីឆ្នាំ២០០០ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយសាកលវិទ្យាល័យវ៉ាសេដា ប្រទេសជប៉ុន បានធ្វើការសិក្សាស្រាវជ្រាវ ជួសជុល ទុលទ្រ និងថែរទាំជាប្រចាំ។
រយៈពេលបីឆ្នាំកន្លងទៅ អាជ្ញាធរជាតិសំបូរព្រៃគុកបានធ្វើកិច្ចការប្រចាំថ្ងៃ គ្រប់គ្រងរមណីយដ្ឋាន ថែទាំ ជួសជុល ទុលទ្រប្រាសាទទាំងឡាយដែលប្រឈមនឹងហានិភ័យខ្ពស់បង្កឡើងដោយកត្តាធម្មជាតិ និងកត្តាគួបផ្សំផ្សេងទៀត។ ក្រៅពីនេះ អាជ្ញាធរជាតិសំបូរព្រៃគុក ក៏បានយកចិត្តទុកខ្ពស់ចំពោះហានិភ័យដែលបង្កឡើងដោយសកម្មភាពភ្ញៀវទេសចរមកលើប្រាសាទ រចនាសម្ព័ន្ធប្រាសាទ សំណល់បុរាណផ្សេងៗ ក្នុងតំបន់ប្រាសាទ ក៏ដូចជាសកម្មភាពសាងសង់នានា ដែលនាំទៅដល់ការខូចខាតដល់បេតិកភណ្ឌវប្បធម៌ក្នុងតំបន់ប្រាសាទសំបូរព្រៃគុកទាំងមូល។
អាជ្ញាធរជាតិសំបូរព្រៃគុកបានយកចិត្តទុកដាក់ថែទាំយ៉ាងហ្មត់ចត់ ដោយដាក់ស្លាកពត៌មានផ្សេងៗ ។ ជាមួយគ្នានោះ អាជ្ញាធរក៏បានកែលម្អខ្សែទស្សនាចរ និងពង្រីកផ្លូវទស្សនាចរមួយចំនួនក្នុងតំបន់ប្រាសាទ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ។ កម្រាលឈើឆ្លងកាត់តាមកំពែងប្រាសាទ និងផ្លូវចូលប្រាសាទ ក៏បានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើប្រាសាទ និងរចនាសម្ព័ន្ធប្រាសាទ។
នៅឆ្នាំ២០១៨ អាជ្ញាធរជាតិសំបូរព្រៃគុក បានអនុវត្តគម្រោងជួសជុលប្រាសាទនិងសង្រ្គោះចម្លាក់ ដែលប្រឈមហានិភ័យខ្ពស់ចំនួន៣ក្នុងក្រុមប្រាសាទយាយព័ន្ធគឺប្រាង្គS11,ចម្លាក់លម្អលើជញ្ជាំង(ចម្លាក់មេដាយ) និងចម្លាក់ប្រាសាទអណ្តែត ។
នៅក្នុងឆ្នាំ២០១៩ អាជ្ញាធរជាតិសំបូរព្រៃគុកបានបន្តអភិរក្ស និងសង្រ្គោះប្រាសាទនិងរមណីយដ្ឋាន ដែលប្រឈមហានិភ័យខ្ពស់ បាននឹងកំពុងដំណើការមានដូចជា៖គម្រោងជួសជុលនិងពង្រឹងខ្លោងទ្វារប្រាសាទS5 ក្រុមប្រាសាទយាយព័ន្ធ(ខាងលិចនៅក្រៅកំពែង និងក្នុងកំពែង, ជ្រុងខាងជើងនៃកំពែងខាងក្នុង, ផ្នែកខាងលើជ្រុង ខាងត្បូង, ស៊ុមទ្វារខាងក្នុងក្រោមនៃកំពែងខាងក្នុង), គម្រោងសង្រ្គោះបន្ទាន់ចម្លាក់លម្អលើជញ្ជាំងនិងចម្លាក់ប្រាសាទអណ្តែត, គម្រោងអភិរក្ស គាំពារ និងតាមដានហានិភ័យតាមបណ្តាប្រាសាទ មានប្រាសាទ S7, S10,គម្រោងជួសជុលច្រកទ្វារខាងកើតប្រាសាទយាយព័ន្ធ ។
បច្ចុប្បន្ន តំបន់រមណីដ្ឋានប្រវត្តិសាស្រ្តដ៏មានសក្តានុពលមួយនេះ កំពុងបើកទ្វារទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកជំនាញផ្សេងៗចូលទស្សនា និងធ្វើការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រវត្តិសាស្រ្ត វប្បធម៌ និងជំនឿសាសនា។
បើយើងពិនិត្យអត្រាភ្ញៀវទេសចរណ៍នៅរមណីយដ្ឋានសំបូរព្រៃគុកក្នុងរយៈពេល៦ខែដូចគ្នាក្នុងឆ្នាំ២០១៨ និង២០១៩ ចំនួនភ្ញៀវទេសចរជាតិមានការកើនឡើងប្រមាណ៤៨ % មានការកើនឡើងគួរឱ្យកត់សម្គាល់ និងអន្តរជាតិទទួលបានប្រហាក់ប្រហែលឆ្នាំ២០១៨ ។ ការកើនឡើងនេះ ដោយសារមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងបន្ទាប់ពីតំបន់ប្រាសាទសំបូរព្រៃគុក បានចូលជាបេតិកភណ្ឌពិភពលោក។ ក្រៅពីនេះយើងបាន និងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនសម្រាប់ផ្តល់សេវាចាំបាច់ជូនភ្ញៀវទេចរណ៍ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាការថែរក្សា ការពារ ជួសជុល និងគាំពារប្រាសាទជាដើម ។
ជាទីបញ្ចប់តាមរយៈពិធីអបអរសាទរនេះ ខ្ញុំសូមស្នើនិងអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាលទាំងអស់ចូលរួមសហការគាំទ្រ និងរួបរួមការពារថែទាំយ៉ាងហ្មត់ចត់នូវសម្បត្តិមរតកវប្បធម៌ទាំងនេះដែលជាកេរដំណែលបុព្វបុរសបានបន្សល់ទុក ឱ្យមានអាយុកាលយូរអង្វែងតទៅមុខទៀត។
ឱកាសនេះដែរខ្ញុំក៏សូមប្រសិទ្ធិពរបវរមហាប្រសើរជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាបងប្អូនជនរួមជាតិ ក្នុងអង្គពិធីទាំងអស់ប្រកបដោយពុទ្ធពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។