ព័ត៌មាន :

អាជ្ញាធរជាតិសំបូរព្រៃគុក សូមជម្រាបដល់បងប្អូន ពូមីងដែលរស់នៅក្នុងនិងជុំវិញតំបន់ប្រាសាទសំបូរព្រៃគុកមេត្តាជ្រាបថា រាល់ការដាក់ពាក្យស្នើសុំជួសជុល ឬសាងសងផ្ទះ ធ្វើស្រែចំការ ។ល។ មិនតម្រូវអោយមានការបង់ថ្លៃសេវាផ្សេងៗឡើយ។ សូមបងប្អូន មកដាក់ពាក្យដោយផ្ទាល់ ដល់មន្រ្តីជំនាញនៅការិយាល័យស្ថិតនៅជាប់អូរគ្រូកែ និងសួរបញ្ជាក់រាល់បញ្ហាដែលមានមន្ទិល។ ពាក្យស្នើសុំសូមទាញយក

ព័ត៌មាន និងព្រឹត្តិការណ៍

ក្រុមអ្នកបុរាណវិទូអាជ្ញាធរជាតិសំបូរព្រៃគុកសហការជាមួយអង្គភាពពាក់ព័ន្ធ បានធ្វើកំណាយបង្ការ លើកំណាត់ផ្លូវវាងក្រុមប្រាសាទសំបូរ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

អ្នកជំនាញនៃអាជ្ញាធរជាតិសំបូរព្រៃគុកបានសហការជាមួយអង្គភាពពាក់ពន្ធ័ បានចាប់អនុវត្តន៍គម្រោងកំណាយបង្ការ លើកំណាត់ផ្លូវវាងក្រុមប្រាសាទសំបូរ ពីស្ពានអូរគ្រូកែ ទៅស្ពានអូរអាចាក នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយចាប់ផ្តើមកាលពីថ្ងៃទី១៦ខែធ្នូ២០២៤។ រណ្តៅទី៤ ទី៥ និងទី៦ បានប្រទះឃើញសំណល់បុរាណវិទ្យា របស់ប្រើប្រាស់ធ្វើពីដីដុតមួយចំនួន មានដូចជា÷ បំណែកក្អម កណ្ឌី ថូ និងបំណែកកុលាលភាជន៍ផុយ(earthenware) ដែលអាចសន្និដ្ឋានបឋម មានអាយុកាលសម័យមុនអង្គរ។ នេះជាការអនុវត្តកំណាយបង្កា មុនពេលសាងសងកំណាត់ផ្លូវវាង ដែលភ្ជាប់ពីអូរគ្រូកែទៅអូរអាចាក ដែលស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ។ កិច្ចការនេះជាផ្នែកមួយនៃការស្រង់យកទិន្នន័យបុរាណវិទ្យាផ្សេងៗ និងវិភាគផលប៉ះពាល់អវិជ្ជមាននៃបេតិកភណ្ឌ ក៏ដូចជាបរិស្ថាន មុនពេលសាងសងកំណាតផ្លូវវាងធ្វើពីបេតុងចំងាយប្រមាណ៩០០ម៉ែត្រ ដែលគ្រោងនឹងអនុវត្តនៅឆ្នាំ២០២៥ខាងមុខនេះ។

ព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Sambor Prei Kuk Trail 2024) នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Sambor Prei Kuk Trail 2024) មានចម្ងាយ៥គីឡូម៉ែត្រ ១២គីឡូម៉ែត្រ និង២៤គីឡូម៉ែត្រ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាឧបសគ្គកម្ពុជា។ ព្រឹត្តិការណ៍កីឡានេះមានការចូលរួមពីសិស្សានុសិស្ស មន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ សរុបប្រមាណ៣០០នាក់។ កម្មវិធីនេះរៀបចំឡើងវេលាម៉ោង ៦ព្រឹក ក្នុងគោលបំណងដើម្បីបំផុសឱ្យប្រជាពលរដ្ឋចូលរួមលេងកីឡាដើម្បីសុខភាព ផ្សារភ្ជាប់នឹងការស្រឡាញ់បរិស្ថានធម្មជាតិ ទេសចរណ៍ មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ។ ក្រោយបញ្ចប់ការរត់ប្រណាំង កម្មវិធីក៏មានការផ្តល់ជាមេដាយកិត្តិយស ទុកជាវត្ថុអនុស្សាវរីយ៍សម្រាប់កីឡាករ កីឡាការិនីដែលបានចូលរួមទាំងអស់គ្នា។

ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក

ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ចុះពិនិត្យការងារដែលត្រូវអនុវត្ត និងការដ្ឋានជួសជុលប្រាសាទសំខាន់មួយចំនួនក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក៖ ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) បានចុះពិនិត្យការងារដែលបាននឹងកំពុងអនុវត្ត ការដ្ឋានជួសជុលប្រាសាទសំខាន់មួយចំនួនក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដូចជា ក្រុមប្រាសាទយាយព័ន្ធ(ប្រាង្គS1 និងប្រាង្គS2), ប្រាង្គអដ្ឋកោណ(Y) ប្រាសាទត្រពាំងរពាក់, ក្រុមប្រាសាទតោ(ប្រាង្គC1, C12 និងC13), ប្រាសាទបុះរាម(N24) និងប្រាសាទក្បាលជ្រូក(N20-3) ព្រមទាំងគម្រោងអភិវឌ្ឍន៍មួយចំនួន ដូចជាផ្លូវកាត់តំបន់ប្រាសាទ ចំណត និងកែលម្អខ្សែទស្សនាចរណ៍។

កិច្ចប្រជុំប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក អាណត្តិទី៣ លើកទី១ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

នៅថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិសំបូរព្រៃគុក  អាណត្ដិទី៣ លើកទី១ វេលាម៉ោង ៨:៣០នាទីព្រឹក នៅបន្ទប់ព្រះវិហារ នាទីស្ដីការក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួរវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក និងមានការចូលរួមពី ឯកឧត្តលោកជំទាវតំណាងក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងរៀបចំដែនដីនគរូបណីយកម្មនិងសំណង់ តំណាងរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិសំបូរព្រៃគុក សរុបចំនួន ២៨ រូប។ កិច្ចប្រជុំនេះ ពិភាក្សាផ្ដោតទៅលើរបាយការណ៍វឌ្ឍនភាព អនុវត្តអនុសាសន៍ក្រុមប្រឹក្សាភិបាលលើកមុន, របាយការណ៍សកម្មភាពការងារឆ្នាំ២០២៣, របាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤។      

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានចូលរួមពិធីសម្ភោទដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសអភិរក្ស និងជួសជុលរមណីយដ្ឋានបុរាណវិទ្យាសំបូរព្រៃគុក

ព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានចូលរួមពិធីសម្ភោទដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសអភិរក្ស និងជួសជុលរមណីយដ្ឋានបុរាណវិទ្យាសំបូរព្រៃគុក នៅក្នុងបរិវេណសារមន្ទីរខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងឯកឧត្ដម Ueno atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងមន្រ្តីអមដំណើរ ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ឯកឧត្ដមអភិបាលរងខេត្តកំពង់ធំ ថ្នាក់ដឹកនាំខេត្តកំពង់ធំ  មន្រ្តីរាជការ  មន្រ្តីជាប់កិច្ចសន្យា សិស្ស  និស្សិត  និងភ្ញៀវកិត្តិយសសរុបប្រមាណ១៣០នាក់។  អគារថ្មីនេះ សាងសង់ឡើងក្នុងគោលបំណង កិច្ចសហប្រតិបត្តិការ ការស្រាវជ្រាវ ការបណ្ដុះបណ្ដុាល ការជួសជុល និងអភិរក្សវត្ថុសិល្បៈ ដែលទទួលបានពីការស្រាវជ្រាវនៅរមណីដ្ឋានប្រាសាទសំបូរព្រៃគុក។ រដ្ឋាភិបាលជប៉ុននឹងផ្ដល់ជំនួយថ្មី ជាថវិកាចំនួន ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិច  សម្រាប់គម្រោងអភិវឌ្ឍធនធានមនុស្ស និងកិច្ចការអភិរក្សនៅប្រាសាទសំបូរព្រៃគុក សម្រាប់ឆ្នាំ ២០២៣ ដល់២០២៥។ កន្លងមក រដ្ឋាភិបាលជប៉ុនក៍បានរួមចំណែកក្នុងការអភិរក្សរមណីយដ្ឋានសំបូរព្រៃគុក ក៍ដូចជាការស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់កិច្ចការជួសជុល និងអភិរក្សនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកមួយនេះ។

សិក្ខាសាលាស្តីពីតម្លៃបេតិកភណ្ឌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

សិក្ខាសាលាស្តីពីតម្លៃបេតិកភណ្ឌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ប្រកបដោយជោគជ័យ ដោយចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ខែមិថុនាកាលឆ្នាំ២០២២នៅសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់ទីរួមខេត្តកំពង់ធំ ដោយមានការចូលរួមបើកជាអធិបតីនៅថ្ងៃទី១៩ ខែមិថុនា ពីឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម អភិបាលខេត្ត និងចូលរួមជាអធិបតីបិទដោយ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាង​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ និងលោក Michael Greenwald មន្រ្តីសម្របសម្របកិច្ចការសាធារណនៃស្ថានទូតអាមេរិច។ សិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន៥៥រូបមកពីតំបនប្រាសាទសំបូរព្រៃគុក ប្រាសាទបន្ទាយឆ្មារ តំបន់អង្គរ ព្រះវិហារ និងវត្តស្វាយអណ្តែតនៅខេត្តកណ្តាល ព្រមទាំងមន្រ្តីជំនាញពីមន្ទីរខេត្តចំនួន២០។ សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីអប់រំសុវត្ថិភាពរមណីយដ្ឋានដែលមានការឧបត្ថម្ភគាំទ្រពីស្ថានទូតអាមេរិចដែលចង់ឲ្យ បងប្អូនរស់នៅជុំវិញតំបន់បេតិកភណ្ឌនានាស្គាល់ពីតម្លៃបេតិកភណ្ឌវប្បធម៌និងធម្មជាតិអោយកាន់តែច្បាស់និងចូលរួមគាំពារ  ទាំងអស់គ្នា។